មើលន៏! ស្នេហា

ក្នុងរយៈបីអាទិត្យដែលពួកនិស្សិតនាយទាហានកងខេមរភូមិន្ទបាននាំគ្នាទៅធ្វើការសមយុទ្ធនៅខែត្រតាកែវ និស្សិតនាយទាហានម្នាក់ឈ្មោះ រ. កុសល មានអាករស្ងប់ស្ងួត ជ្រុបស្រពោនខុសប្លែកពីបណ្ដាមិត្តនិស្សិតទាហានទាំងឡាយព្រោះគេមានសេចក្ដីនឹករឭកដល់គូសង្សាររបស់គេ។ រ. កុសលរមែងត្រូវមិត្តទាំងឡាយនិយាយជន្លជន្លេញដល់រឿងរបស់គេនឹងនាង រតន៍-អប្សរ ដែលគេស្រឡាញ់នឹងបូជាស្មើដោយជីវិត។ នាងជាតារាឯកនៅក្នុងសង្កាត់លេខ ៤ ដែលមានរូបរាងល្អផ្ដាច់អស់ទាំងបណ្ដានារីនៅក្នុងសង្កាត់ជាមួយគ្នា។ នាងនឹង រ. កុសល បានស្រឡាញ់គ្នាស្ទើរតែនឹងលេបបាន តែសេចក្ដីស្នេហាគ្រាដំបូងនៃវ័យកំលោះរបស់ រ. កុសល នោះមានអំណាចដ៏ខ្លាំងក្លាលើនាងលន់ពន់ប្រមាណ។ រ.កុសល ធ្លាប់បានសារភាពជាមួយនឹងមិត្តភ័ក្ដិរបស់គេថា នាងរតន៍- អប្សរជាអ្នកក្ដាប់ជោគជតានឹងអនាគតរបស់គេ គេនឹងបានល្អ ឬអាក្រក់ ឬមួយស្លាប់រស់យ៉ាងណាក្ដីក៏ព្រោះតែនាង ជីវិតរបស់គេនឹងប្រាសចាកនាង រតន៍- អប្សរ មិនបានជាដាច់ខាត។

«នែ! កុសល វ៉ើយ នាងអប្សររបស់ឯងនោះគេជាតារាឯក មានប្រុសៗចោមរោមជុំជិត ដូចគ្នានឹងសត្វមមង់រោមគ្រាប់ធូរេន ឪពុករបស់នាងអប្សរទៀតក៏ស្អប់ខ្ពើមឯង គេត្រូវការឲ្យកូនស្រីគេរៀបការជាមួយនឹងប្រុសណាដែលមានឋានៈស្ដុកស្ដម្ភស្មើនឹងគេ~