លោកបងខ្មោច

លោកបងខ្មោច


កំពុងតែឈរចុចទូរស័ព្ទសុខៗ ក៏ស្រាប់តែឮសំឡេងឡានមកពីក្រោយ។ ខ្ញុំក៏ខិតចូលមកចិញ្ចើមផ្លូវឱ្យកាន់តែជ្រៅថែមទៀត។ តាមពិតខ្ញុំឈរនៅលើចិញ្ចើមផ្លូវស្រាប់ហើយ បើឡានជិះធម្មតាៗនឹងមិនអាចបើកមកបុកខ្ញុំបានទេ តែអាជើងនឹងវាគ្រាន់តែឮសំឡេងឡានភ្លាមវាប្រុងត្រេចូលក្នុងបាត់ទៅហើយ។ ប្រសិនបើខួរក្បាលវារ៉េផ្លិចលឿនដូចជាជើងហ្នឹងមិនដឹងជាល្អយ៉ាងណានោះទេ។ សំឡេងឡានក៏ចូលមកកាន់តែកៀក ឯខ្ញុំភ្នែកសម្លឹងលើអេក្រង់ទូរស័ព្ទមិនដាក់នោះទេ ខំប្រឹងសរសេរសំណេរសុំក្តីអនុគ្រោះដែលផ្ញើឯកសារទៅយឺតយ៉ាវ។ “សឺប....... បាំង!” ខ្ញុំមានអារម្មណ៍ថាខ្លួនស្រាលដូចជាសំឡីហើយមុខរបស់ខ្ញុំនៅទល់មុខចុងបង្គោលអំពូលទៀតផង។ តើនេះមានរឿងអីទៅ។