កែវភ្នែកនាង

កែវភ្នែកនាង


ក្រុងបាត់ដំបង ឆ្នាំ២០២០ ព្រឹកព្រលឹមស្រាងៗ!! “បោចផ្កាម្រះព្រៅ បាចទៅក្នុងខ្យល់... រសាត់ទៅដល់ ខ្នងភ្នំក្រពើ... ភ្នំរំសាយសក់ ហាក់គ្មានអើពើ...” បទបាចផ្កាម្រះព្រៅ ចម្រៀងសំនៀងដើមលោកយាយ រស់ សេរីសុទ្ធា ប្រគំថ្ងួចថ្ងូរ តាមរលកហ្រ្វេកង់វិទ្យុ។ រថយន្តខ្នាតមួយបាំងកន្លះពណ៌សំបកឪឡឹក ដឹកស្ពៃក្ដោបដប់កន្រ្តកធំពីក្រោយ លូនចេញពីស្រុកបាណន់។ ក្នុងរថយន្ត មានបុរសម្នាក់ជាតៃកុង អាយុខ្ទង់សាមសិបក្រាស់ ពាក់អាវកំណាត់ពណ៌ស្ករអំពៅ ចាស់ទក់លែងសង្ហា។ ខាងឆ្វេងដៃនាយ ក្មេងស្រីអាយុ១៤ឆ្នាំ សក់រួញទឹករលក អង្គុយស្ងៀមដូចកំពុងផ្ដោតលើតន្រ្តីតែម៉្យាង។ “លីណា?” “...” ក្មេងស្រីភ្លឹកភ្លាំង មិនបានជាស្ដាប់។ កែវភ្នែកនាង កំពុងសម្លឹងទៅ កូនបន្តោងរូបថតអ៊ុតរឹង ព្យួរនឹងកញ្ចក់ឡានយោលទីងតោងៗ។ ក្នុងរូបថតនោះ ស្រ្ដីវ័យកណ្ដាលពាក់អាវពណ៌ទឹកប៊ិក ញញិមចេញធ្មេញសស្ញាញ។ “លីណាកូន?” “ចាសប៉ា?” លីណាតបទាំងភ្ញាក់បន្តិច។ “រឿងរៀនសូត្រយ៉ាងម៉េចដែរកូន?” “អត់អីទេប៉ា! តែជិតដល់ថ្ងៃប្រឡងឌីប្លូមហើយ!” “អឹម! អ៊ីចឹងថ្ងៃក្រោយ កូនមិនចាំបាច់ជួយប៉ាយកបន្លែមកលក់ទៀតទេ ក្រែងកូនទៅរៀនមិនទាន់!” “មិនអីទេប៉ា! កូនចង់ជួយប៉ា!” “តែក្រែងកូនទៅរៀនមិនទាន់ណា៎!” “ប៉ា... នៅផ្ទះម្នាក់ឯងគួរឲ្យខ្លាចណាស់!” “...” នាយចំណាស់ប្រែទឹកមុខស្រពោនបន្តិច លែងតបកូនស្រី។ “ប៉ាក៏ដឹង... ភ្នែករបស់កូនអាចឃើញ...” “ក៏បានៗ! បើកូនខ្លាច កូនមកជាមួយប៉ាទៀតក៏បាន!” ឪពុក និងកូនក៏លែងឮមាត់ទៀត ទុកឲ្យបទចម្រៀងដែលចាក់តាមវិទ្យុនោះ បន្លឺរងំៗរហូតចប់មួយបទ។ នៅប្រមាណ៣គីឡូទៀត រថយន្តនឹងទៅដល់ផ្សារណាត់ ក្រុងបាត់ដំបងដែលជាគោលដៅ។ កំណាត់ផ្លូវបន្តទៅទៀតនេះ អមសងខាងដោយវាលស្រែល្ហល្ហេវ។ ព្រឹកនេះស្ងាត់ជាងរាល់ដង ព្រោះយូរបន្តិច ទើបយើងឃើញឡានម៉ូតូបើកកាត់វាលនេះមួយ។ តែសុខៗ ក៏ឮសំឡេងកក្រើកវាលស្រែ... ផាំង!!! ក្រឺត.... សំឡេងដូចជាឡានបែកកង់ តែហាក់ឮខ្លាំងជាងធម្មតា។ ឪពុកព្យាយាមចាប់ចង្កូតឡាន និងសង្កត់ជើងជាន់ហ្រ្វាំងថ្នមៗ រហូតទាល់តែឡានឈប់នឹងថ្កល់។ លីណាជាកូនស្រី បើកភ្នែកធំៗដោយភាពតក់ស្លុត។ “ប្រហែលបែកកង់ហើយ ប៉ាចុះទៅមើលសិន! កូនមិនបាច់ចុះទេ!” គាត់និយាយរួច ចុះដើរទៅមើលកង់ក្រោយ។ លីណា ត្រូវឪពុកឃាត់បែបនេះ ក៏បានត្រឹមតែអង្គុយចាំម៉ឹះៗក្នុងឡាន។ ផាំង!!! សំឡេងផ្ទុះមួយទំហឹងលាន់ម្ដងទៀត តែទំនងមិនមែនជាសំឡេងបែកកង់ឡានទៀតឡើយ។ លីណាប្រញាប់ចុះទៅមើល។ “ប៉ា!!!” លីណាស្រែកដោយក្ដីតក់ស្លុត។ ប៉ារបស់នាង ឃើញបែកសន្ទះក្បាល ដេកក្នុងថ្លុកឈាមក្បែរកង់ឡាន។ លីណា ស្លន់ស្លោស្ទុះចូលទៅរកប៉ានាង។ តែរត់មិនទាន់ដល់ផង មនុស្សម្នាក់ស្លៀកឈុតខ្មៅស្ទុះចូលពីក្រោយ មកចាប់លើកលីណា ចូលទៅក្នុងឡានមួយទៀត ដែលចតនៅក្បែរនោះ តាំងពីពេលណាមិនដឹង។ លីណារើបម្រះចុះឡើងៗ ស្រែកផង យំផង... “លែង!!! លែង!! ប៉ា... ប៉ា..ហ៊ឺៗៗ!! ប៉ា!!” កម្លាំងនាង ហាក់មិនអាចយកឈ្នះមនុស្សឈុតខ្មៅបាន។ ទឹកភ្នែកនាងបង្ហូរចុះមកសស្រាក់ កែវភ្នែកនៃភាពតក់ស្លុត និងភ័យខ្លាចហួសអធិប្បាយនោះ សម្លឹងទៅសាកសពប៉ារបស់នាងជាលើកចុងក្រោយ។ “ប៉ា!!!”