ជំទាវ​ទាំង​៣​នៃ​ក្រុង​បាដាដ​

ជំទាវ​ទាំង​៣​នៃ​ក្រុង​បាដាដ​


យប់​មួយ​នៅ​ផ្ទះ​ជំទាវ​ហ្ស៊ូបែដា​ មាន​ជន​ពនេចរ​បី​នាក់​បាន​សូម​ស្នាក់​អាស្រ័យ ដោយហេតុ​តែ​មាន​ក្ដី​អាណិត​នាង​ក៏​ព្រមព្រៀង​ជាមួយ​បងប្អូន​ស្រី​ពីរ​នាក់​ទៀត ទទួល​យក​អាសា​ឱ្យ​ជន​ទាំង​បី​ចូល​ទៅ​ខាង​ក្នុង​ផ្ទះ ដើម្បី​ស្រស់ស្រូប​ចំណី​អាហារ​ជាមួយ​គ្នា។ ទាំង​ម្ចាស់​ផ្ទះ​ទាំង​ភ្ញៀវ​បរិភោគ​ច្រៀង​រាំ​យ៉ាង​សប្បាយ​ចិត្ត។

ព្រះ​ចៅ​ខាលីព​បាន​ចាកចេញ​ពី​រាជវាំង​ដោយ​សម្ងាត់ អម​ដំណើរ​ជាមួយ​ជំនិត​ព្រះអង្គ​ពីរ​រូប។ ពេល​មក​ដល់​មុខ​ផ្ទះ​ជំទាវ​នេះ ក៏​បាន​ឮ​តន្ត្រី​និង​សំឡេង​សើច​សប្បាយ​ក្អាកក្អាយ​ ទ្រង់​ក៏​មាន​ចិត្ត​ចង់​ចូល​​ទៅ​កម្សាន្ត​ខាង​ក្នុង​ផ្ទះ​នោះ​ដែរ។ ព្រះ​អង្គ​បាន​គោះ​ទ្វារ​សូម​ចូល​ស្នាក់​អាស្រ័យ​មួយ​រាត្រី ដោយ​ពោល​បន្លំ​ថា​ ទ្រង់​គឺ​ជា​ឈ្មួញ​ស្រុក​ក្រៅ មក​រកស៊ី​នៅ​ទី​នេះ ហើយ​ពេល​នេះ​យប់​ជ្រៅ ទើប​សូម​ផ្ទះ​សម្រាក​មួយ​រាត្រី នៅ​ព្រឹក​ស្អែក​នឹង​ចេញ​ដំណើរ​បន្ត​ទៅ​ទៀត។

បី​នាក់​បងប្អូន​ដែល​ជា​ម្ចាស់​ផ្ទះ​ក៏​បាន​ពិគ្រោះ​យោបល់​គ្នា រួច​ក៏​យល់​ព្រម​ទទួល​ភ្ញៀវ​នេះ​ឱ្យ​ចូល​ដោយ​មិន​មាន​អាក់អន់​ចិត្ត​អ្វី​ឡើយ ប៉ុន្តែ​ជំទាវ​ហ្ស៊ូបែដា​ក៏​បាន​ពោល​ប្រាប់​ពី​បម្រាប​ខ្លះៗ ដូច​ពេល​កាល​ប្រាប់​ជន​ពនេចរ​បី​នាក់​មុន​នេះ​ដែរ គឺ​ថា​ទោះបី​ឃើញ​ហេតុ​អ្វី​កើត​ឡើង​ក្នុង​ផ្ទះ ​ចម្លែក​យ៉ាង​ណា ក៏​មិន​ត្រូវ​សួរនាំ​ជា​ដាច់ខាត បើ​ព្រម​សន្យា​ទើប​ឱ្យ​ចូល។

​អ្វី​ៗ​នៅ​ក្នុង​ផ្ទះ​ជំទាវ​ទាំង​បី​នោះ ក្រៅ​ពី​ចំណី​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​និង​តន្ត្រី​ដ៏​ពីរោះ គឺ​មាន​រឿង​ចម្លែកៗ​ជា​ច្រើន នាំ​ឱ្យ​ភ្ញៀវ​ដែល​សន្យា​របូត​មាត់​សួរនាំ​ទាំង​មិន​បាន​តាំង​ចិត្ត។ ពេល​ពួក​គេ​សួរ​ទៅ​ម្ចាស់​ផ្ទះ​រួច ជំទាវ​ទាំង​បី​កើត​ខឹង​យ៉ាង​ខ្លាំង រហូត​បញ្ជា​ឱ្យ​កូន​ចៅ​ចាប់​ពួក​ភ្ញៀវ​ក្បត់​សម្ដី​យក​ទៅ​សម្លាប់​ចោល​ភ្លាមៗ​តែ​ម្ដង។