ម្ចាស់ស្នេហ៍ដំបូង
ប្រលងចប់អស់ហើយ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ សំឡេងញ័ររបស់ទូរសព្ទ ធ្វើឱ្យខ្ញុំភ្ញាក់ព្រើត។ ចុះនរណាទូរសព្ទមករំខានអីថ្មើរនេះ? មនុស្សកំពុងរៀបដេករៀបពួនអីផង ម៉ោង១០យប់ហើយហ្នឹងណា។ -អាឡូ! នរណាហ្នឹង? -អឺ គឺ គឺ បង… សំឡេងបងមេសាទេតើ។ ច្រឡំស្តីឱ្យអ្នកមានគុណរបស់ខ្លួន។ -សុំទោសបងមេសា! ស្មានតែនរណាផ្សេង។ -មិនអីទេ គឺអឺ គឺអឺ… -មានការអីហ្នឹងបង? ទូរសព្ទមកទាំងយប់។ ស្គាល់គ្នារាប់សិបឆ្នាំហើយ មានតែខ្ញុំទេដែលទូរសព្ទរកគាត់ សុំឱ្យជួយរឿងធ្វើមេរៀនមេសូត្រ។ ចុះថ្ងៃនេះគាត់លេបថ្នាំអីខុសទេដឹង? បានជាទូរសព្ទមកទាំងយប់ចឹង? -គឺ… មិនដឹងជាមានរឿងអីគាត់ទេ រវល់តែ អឺ អឺ ហ្នឹងហើយ។ យប់ហ្នឹងសង្ស័យតែមិនបាច់បានស្ដាប់គាត់និយាយចប់មួយឃ្លាទេមើលទៅ។ មនុស្សកំពុងតែងងុយដេកស្រាប់ផង។ កុំតែបងមេសា កុំអីហ្នឹង ដាក់ចុះតាំងពីយូរហើយ។ -ស្អែកស្រីណាទំនេរទេ? -បាទ ទំនេរតើ។