រើស​បាន​ស្នេហ៍​ដោយ​ចៃដន្យ

រើស​បាន​ស្នេហ៍​ដោយ​ចៃដន្យ


មនុស្ស​ម្នាក់​មាន​ការស្រមើស្រមៃ​ផ្សេងៗ​គ្នា អ្នក​ខ្លះ​មាន​ការ​ស្រមៃ​ធំ អ្នកខ្លះ​មាន​ការ​ស្រមៃ​តូច​ ទៅ​តាម​អ្វី​ដែល​ពួកគេ​ប្រាថ្នា​ចង់បាន​។​ ខ្ញុំ​ក៏​ជា​ម្នាក់​ស្ថិតនៅ​ក្នុង​អារម្មណ៍​ទាំងអស់​នោះ​ដែរ តែ​វា​មិន​បាន​ដូច​ចិត្ត​សោះ ​ក្ដី​ស្រមៃ​ទាំងអស់​នោះ​ នៅ​ឆ្ងាយ​ពី​ដៃ​ខ្លាំង​ពេក ​ដល់​ថ្នាក់​ខ្ញុំ​ឈោង​មិន​ដល់​។​ ​ ​​ឈ្មោះ​របស់​ខ្ញុំ​គឺ សោម​វិជ្ជ​រ៉ា ខ្ញុំ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ នៅ​ក្នុង​សកល​វិទ្យាល័យ​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ផ្នែក​​គណនេយ្យ និង​កំពុង​ធ្វើការ​ឱ្យ​​ក្រុមហ៊ុន​ឯកជន​មួយ​។ លោកប៉ា​ខ្ញុំ​គាត់​ខូច​តាំង​ពី​បួន​ឆ្នាំ​មុន​ម្ល៉េះ ដូច្នេះ​ហើយ​​ពេលនេះ​ខ្ញុំ​រស់នៅ​ក្នុង​ផ្ទះ​តូច​មួយ​នេះ​ ជាមួយ​អ្នក​ម៉ាក់​និង​ប្អូនប្រុស​ម្នាក់​ទៀត​តែប៉ុណ្ណោះ​។​

​​​ក្រឺង​!​ក្រឺង​!… ​​​នាឡិកា​រោទ៍​យ៉ាង​កញ្ចាស់​របស់ខ្ញុំ ​បន្លឺ​​សំឡេង​យ៉ាង​សង្កៀរ​ត្រចៀក​ ដាស់​ខ្ញុំ​ចេញពី​ការ​យល់សប្ដិ​ដ៏​ភ័យ​ខ្លាច​របស់​ខ្ញុំ​។ នៅ​ក្នុង​ការ​យល់សប្ដិ​នោះ ​ខ្ញុំ​បាន​ឃើញ​សត្វ​ពស់​ម្យ៉ាង​​ធំ ​មក​ឱប​រឹត​ខ្លួនប្រាណ​ខ្ញុំ​ស្ទើរតែ​ខ្ទេច​ឆ្អឹងឆ្អែង​អស់ ទោះ​ជា​ខំប្រឹង​រត់​គេច​ដល់​ណា​ ក៏​វា​នៅ​តាម​ខ្ញុំ​មិន​ឈប់​។​ ​ ​ខ្ញុំ​លើក​ដៃ​ជូត​ញើស​នៅ​លើ​ថ្ងាស​ចេញ រួច​ក្រោក​មក​រៀបចំ​បន្ទប់​គេង​ ឱ្យ​​មាន​សភាព​រៀប​រយនិង​ចូល​បន្ទប់ទឹក​ធ្វើ​ធុរៈ​ផ្ទាល់ខ្លួន ខ្ញុំ​បើក​ទូ​រ​ខោអាវ​យក​ឯកសណ្ឋាន​ធ្វើការ​ចេញ​មក​ផ្លាស់ប្ដូរ​។ ឯកសណ្ឋាន​ដែល​និយាយ​នេះ ​គឺ​សំដៅ​ដល់​សំពត់​ស្វា​រ៉េ​ខ្លី​លើ​ជង្គង់​បន្តិច​ អាវ​ពណ៌​ស​និង​មាន​អាវ​ធំ​មួយ​ជាន់​ទៀត​ពីលើ និយាយ​តាម​ត្រង់​ថា​ខ្ញុំ​ស្រលាញ់​ឯកសណ្ឋាន​ធ្វើការ​បែប​នេះ​ តាំងពី​ក្មេង​មក​ម្ល៉េះ ហើយ​ពេលនេះ​ខ្ញុំ​ក៏​បាន​ពាក់​វា​ធ្វើការ​មែន​ ទោះជា​មិនមែន​ជា​តំណែង​ធំ​អី​ណាស់​ណា​ ក៏​ជា​មោទនភាព​មួយ​ដែរ​។​ ​ ​ខ្ញុំ​ដើរ​ចេញពី​បន្ទប់​មកកាន់​តុ​ ដើម្បី​ញ៉ាំ​អាហារ​ពេល​ព្រឹក ព្រឹក​នេះ​ម៉ាក់​គាត់​ធ្វើ​បបរស​ជាមួយ​ត្រីងៀត​អាំង វាសនា​ប្អូន​ប្រុស​ខ្ញុំ​វា​អង្គុយ​ចាំ​រួចជាស្រេច​។ អ្នក​ម៉ាក់​គាត់​ងាក​មុខ​មក​បង្ហាញ​ស្នាមញញឹម​កក់ក្ដៅ​ដាក់​ខ្ញុំ​ គាត់​ប៉ោយ​ដៃ​ហៅ​ខ្ញុំ​ឱ្យ​​មក​អង្គុយ​នៅ​កន្លែង​ដែល​គាត់​រៀបចំ​ស្រាប់​។​ ​​«​ចូល​មក​កូន​!… ​ញ៉ាំ​ហើយ​អាល​នឹង​បាន​ទៅ​ធ្វើការ ​កុំ​ឱ្យ​​ស្ទះ​ផ្លូវ​ទាន់​» សំឡេង​​របស់​គាត់​ផ្អែម​ស្រទន់ ​និង​តែងតែ​កក់ក្ដៅ​ជានិច្ច​សម្រាប់​​ខ្ញុំ​។​ ​​​«​ចាស​ម៉ាក់​! ហើយ​ឯង​វិញ ​ព្រឹក​នេះ​មាន​ទៅ​ណា​ដែរ​អត់​?» ខ្ញុំ​ងាក​មុខ​ទៅ​សួរ​នាំ​វាសនា ឃើញ​វា​អង្គុយ​ញ៉ាំ​បែប​ប្រញាប់ប្រញាល់ ​ព្រោះ​ចាំ​បាន​ថា​វា​មាន​រៀន​នៅ​ពេល​ល្ងាច​ប៉ុណ្ណោះ​។​