ស្នេហា​នៅ​សាកលវិទ្យាល័យ​

ស្នេហា​នៅ​សាកលវិទ្យាល័យ​


​ខ្ញុំ​បាន​ប្រលង​បញ្ចប់​ថ្នាក់​ទី​១២ ដោយ​ជោគជ័យ​ជាមួយ​នឹង​ពិន្ទុ​ដែល​ខ្ពស់​គួរ​ជាទី​មោទនៈ។ មិន​អួត​ទេ​ណា ខ្ញុំ​ធ្លាប់ជា​អតីត​សិស្ស​ពូកែ​ភាសា​ខ្មែរ ប៉ុន្តែ​វា​គឺ​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​ណាស់ ដែល​ពិន្ទុ​ភាសា​ខ្មែរ បែរ​ជា​ទាប​ជាង​មុខវិជ្ជា​ដទៃ​ទៅ​វិញ​ នៅ​ពេល​ប្រលង​សញ្ញាបត្រ​ទុតិយភូមិ​នេះ​។

ខ្ញុំ​បាន​ជាប់​អាហារូបករណ៍ នៅ​សាល​ក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​ជា​សាកលវិទ្យាល័យ​រដ្ឋ​ដ៏​ធំ​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ផ្នែក​អក្សរសាស្ត្រ​ខ្មែរ។ ខ្ញុំ​សង្ឃឹម​ថា​ទៅ​ថ្ងៃ​អនាគត ខ្ញុំ​អាច​ជួយ​ចូលរួម​អភិវឌ្ឍ​និង​លើក​តំកើង​វិស័យ​អក្សរសាស្ត្រ​ខ្មែរ សម្រាប់​ប្រទេស​យើង។

ខ្ញុំ​មាន​ជីវភាព​គ្រួសារ​កម្រិត​មធ្យម ម្តាយ​ខ្ញុំ​ជា​អ្នកលក់​ចាប​ហ៊ួយ​នៅ​នឹង​ផ្ទះ ឯ​ឪពុក​ខ្ញុំ​វិញ​គាត់​ជា កសិករ។ ពួក​យើង​មាន​ចម្ការ​ល្មុត​មួយ​កន្លែង ដែល​មាន​ល្មុត​សរុប​ចំនួន​៤០​ដើម និង​មាន​ចិញ្ចឹម​មេគោ មួយ​ក្បាល​ផងដែរ។ ខ្ញុំ​មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ចម្ងាយ​ពី​ភ្នំពេញ​ទៅ​ដល់​ផ្ទះ​របស់​ខ្ញុំ គឺ​ចម្ងាយ​ប្រមាណ​៥០​គម។ ពេល​ដែល​ខ្ញុំ​ត្រូវ​មក​រៀន​បន្ត​នៅ​ភ្នំពេញ ឪពុកម្តាយ​ខ្ញុំ​បាន​ទិញ​ម៉ូតូ​ឆា​លី​មួយ​ឱ្យ​ខ្ញុំ​ជិះ ហើយ​ខ្ញុំ​ក៏​បាន​ផ្លាស់​មក​នៅ​ភ្នំពេញ​ជាមួយ​មិត្តភក្តិ​ខ្ញុំ ដែល​ពួក​យើង​គឺជា​មិត្តភក្តិ​ស្និទ្ធស្នាល​មកពី​ស្រុក​ជាមួយគ្នា គឺ​នី​តា​និង​គន្ធា។

ថ្ងៃ​ដំបូង​មុន​ពេល​ចូល​រៀន សិស្ស​ថ្មី​ដែល​នឹង​ត្រូវ​ចូលរៀន​ឆ្នាំ​ទី​១ បាន​មក​ជួបជុំគ្នា​នៅ​អគារ​ដំបូល​ទូក​ដើម្បី​ស្តាប់​ការ​ណែនាំ ពី​វិន័យ​សាលា​និង​ការ​ផ្ដល់​ជូន​ដំណឹង​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ការ​សិក្សា។ ថ្ងៃ​បន្ទាប់​ខ្ញុំ​បាន​ធ្វើ​តេស្ត​ភាសា​អង់គ្លេស​ដើម្បី​រើស​កម្រិត​ភាសា​អង់គ្លេស ថា​តើ​សមត្ថភាព​របស់ខ្ញុំ​អាច​រៀន​បាន​ដល់​កម្រិត​ណា (Beginner/ elementary , Intermediate,​ឬ high intermediate)។ ពេលនេះ​ខ្ញុំ​ក្លាយ​ជា​និស្សិត​ឆ្នាំ​ទី​១ ពេញ​លេញ​ហើយ កម្រិត​ភាសា​អង់គ្លេស​របស់​ខ្ញុំ​គឺ high intermediate (​កម្រិត​ខ្ពស់​)​។ សិស្ស​ថ្នាក់​ភាសា​អង់គ្លេស គឺ​លាយឡំ​គ្នា​រវាង​សិស្ស​មក​ពី​មុខ​វិជ្ជា​ផ្សេងៗ ដូច​ជា រូប គណិត គីមី និង​សង្គមវិទ្យា​ជាដើម​។ ក្នុង​មួយ​ថ្នាក់​មាន​សិស្ស​៣៥​នាក់​។ ថ្នាក់​ភាសា​អង់គ្លេស​ខ្ញុំ​សិ្ថត​នៅ​អគារ​A ជាន់​ទី៦ ដែល​ចូល​រៀន​នៅ​ម៉ោង​៩:៣០​ និង​បញ្ចប់​នៅ​ម៉ោង​១២:០០ លុះដល់​ម៉ោង​១៣:០០ ខ្ញុំ​នឹង​ត្រូវ​ចាប់ផ្តើម​រៀន​មុខ វិជ្ជា​សម្រាប់​ឆ្នាំ​សិក្សា​មូលដ្ឋាន ដែល​នៅ​ជាន់​ផ្ទាល់​ដី។