អ្នកគ្រូ
ខ្ញុំឈានជើងចុះពីលើឡានទាំងចិត្តក្រៀមក្រំសម្លឹងទៅ ខ្លោងទ្វារសាលានៅចំពោះមុខទាំងចិត្តសោកសៅ។ ឆ្នាំនេះខ្ញុំត្រូវត្រឡប់មកសាលាជាថ្មីដើម្បីចូលរួមទិវាបុណ្យគ្រូ ៥ តុលា។ កាលពីឆ្នាំមុនៗឲ្យតែដល់៥តុលានេះ គឺខ្ញុំសប្បាយចិត្តជាងពេលណាៗទាំងអស់ ព្រោះជាថ្ងៃមួយដែលត្រូវប្រារព្ធបុណ្យនេះឡើង ដើម្បីជាការសងគុណដល់គ្រូៗដែលបានខិតខំជួយបង្ហាត់ និង បង្រៀនយើងនាពេលកន្លងមក ហើយសំខាន់គឺមនុស្សម្នាក់ដែលឈរញញឹមទន្ទឹងចាំផ្លូវខ្ញុំនៅត្រង់នេះ តែចម្លែកឆ្នាំនេះមិនមានវត្តមានគាត់ទៀតទេ វាហេតុធ្វើឲ្យខ្ញុំត្រូវដើរចូលទៅក្នុងសាលាតែម្នាក់ឯង។ ខ្ញុំសម្លឹងទៅផ្លូវសាលាដែលមើលទៅឃើញឆ្ងាយមិនជាប្រួលប្រែសោះ ហាក់ដូចជារក្សានូវរឿងអតីតកាលរបស់ខ្ញុំជាប់នៅទីនេះជានិច្ច។
ត្រឡប់ទៅ១៥ឆ្នាំខ្ញុំមានគ្រួសារមួយរស់នៅប្រកបដោយភាពកក់ក្ដៅ ខ្ញុំមានប៉ាជាមន្ត្រីប៉ូលិសល្បីប្រចាំខេត្តបាត់ដំបង មានម៉ាក់ជាមេផ្ទះដ៏ចំណាន និងមានបងប្រុសពីរនាក់ ចំណែកខ្ញុំជាកូនស្រីពៅ។ តែទីបំផុតសុភមង្គលគ្រូសារខ្ញុំត្រូវរលាយ មួយប៉ប្រិចភ្នែកពេលដែលប៉ាមានប្រពន្ធចុងរួចចុះចេញចោលម៉ាក់ ឯម៉ាក់ត្រូវខូចចិត្តនឹងប៉ាក្បត់ចិត្តនិងត្រូវចាញ់បោកមេតុងទីនទៀត ធ្វើឲ្យម៉ាក់ប្រែពីមនុស្សល្អទៅជាមនុស្សប្រមឹកដើរផឹកចូលបារមិនគិតពីកូនដូចមុខទៀត។
នៅពេលឃើញគ្រួសារចាប់ផ្ដើមរញ៉េរញ៉ៃ បងប្រុសទីមួយខ្ញុំដែលបានលែងលះប្រពន្ធកូនគាត់រួចរត់ទៅថៃបាត់ ចំណែកបងទីពីរ ខ្ញុំមិនអាចបរិយាយពីគាត់ច្រើនឡើយគឺគាត់ក្លាយជាជនពាល នៅភ្នំពេញ។ ចុងក្រោយផ្ទះដែលខ្ញុំធ្លាប់នៅយ៉ាងសេចក្ដីសុខ ត្រូវលក់ចេញបាត់ហើយសមាជិកម្នាក់បានរត់ចែកជើងគ្នាគ្មាននរណាម្នាក់បារម្ភពីខ្ញុំឡើយ។ ខ្ញុំឆ្ងល់ណាស់គ្រួសារដែលធ្លាប់ជុំគ្នាសុខៗហេតុអ្វីត្រូវព្រាត់ប្រាសទៅគ្នាទៅវិញ?
នៅពេលដែលគ្រួសារជួបបញ្ហាទាំងនេះ ខ្ញុំគ្មានកម្លាំងចិត្តនឹងរស់នៅបន្តទេ ខ្ញុំទម្លាក់ស្បោងខោអាវនៅនឹងគល់ស្ពានបម្រុងនឹងលោតទឹកសម្លាប់ខ្លួន ស្រាប់តែមានមនុស្សម្នាក់មកឃាត់ខ្ញុំនោះគឺ“អ្នកគ្រូភ័ស” អ្នកគ្រូបានទះខ្ញុំមួយកំផ្លៀង រួចទាញខ្ញុំទៅឱបទាំងទឹកភ្នែក ស្រក់ចុះផង ”ហេតុអ្វីបានជាប្អូនគិតខ្លីម្ល៉េះ ប្អូនដឹងទេជីវិតមនុស្សម្នាក់ៗមានតម្លៃមិនមែនយកបញ្ចប់ចោលទាំងនៅវ័យក្មេងបែបនេះទេ” ខ្ញុំស្ដាប់សម្ដីអ្នកគ្រូទាំងទឹកភ្នែកជន់ជោរដោយសារតែគំនិតក្មេងធ្វើឲ្យខ្ញុំមិនជ្រៅជ្រះទើបហ៊ានធ្វើអត្តឃាតយ៉ាងនេះ។ សំណាងល្អដែលបានអ្នកគ្រូជួយដាស់តឿនទាន់។