អ្នក​គ្រូ

អ្នក​គ្រូ


ខ្ញុំ​ឈាន​ជើង​ចុះ​ពី​លើ​ឡាន​ទាំង​ចិត្ត​ក្រៀមក្រំ​សម្លឹង​ទៅ ខ្លោងទ្វារ​សាលា​នៅ​ចំពោះ​មុខ​ទាំង​ចិត្ត​សោកសៅ។ ​ឆ្នាំ​នេះ​ខ្ញុំ​ត្រូវ​ត្រឡប់​មក​សាលា​ជាថ្មី​ដើម្បី​ចូលរួម​ទិវា​បុណ្យ​គ្រូ ៥ តុលា។ កាល​ពី​ឆ្នាំ​មុន​ៗ​ឲ្យ​តែ​ដល់​៥​តុលា​នេះ ​គឺ​ខ្ញុំ​សប្បាយចិត្ត​ជាង​ពេល​ណាៗ​ទាំងអស់ ​ព្រោះ​ជា​ថ្ងៃ​មួយ​ដែល​ត្រូវ​ប្រារព្ធ​បុណ្យ​នេះ​ឡើង ​ដើម្បី​ជា​ការ​សង​គុណ​ដល់​គ្រូៗ​ដែល​បាន​ខិតខំ​ជួយ​បង្ហាត់ និង បង្រៀន​យើង​នា​ពេល​កន្លង​មក​ ហើយ​សំខាន់​គឺ​មនុស្ស​ម្នាក់​ដែល​ឈរ​ញញឹម​ទន្ទឹង​ចាំ​ផ្លូវ​ខ្ញុំ​នៅ​ត្រង់​នេះ តែ​ចម្លែក​ឆ្នាំ​នេះ​មិន​មាន​វត្តមាន​គាត់​ទៀត​ទេ ​វា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ដើរ​ចូល​ទៅ​ក្នុង​សាលា​តែ​ម្នាក់ឯង។ ​ខ្ញុំ​សម្លឹង​ទៅ​ផ្លូវ​សាលា​ដែល​មើល​ទៅ​ឃើញ​ឆ្ងាយ​មិន​ជា​ប្រួលប្រែ​​សោះ​ ហាក់​ដូច​ជា​រក្សា​នូវ​រឿង​អតីតកាល​របស់​ខ្ញុំ​ជាប់​នៅ​ទីនេះ​ជានិច្ច។

ត្រឡប់​ទៅ​១៥​ឆ្នាំ​ខ្ញុំ​មាន​គ្រួសារ​មួយ​រស់នៅ​ប្រកប​ដោយ​ភាព​កក់​ក្ដៅ ខ្ញុំ​មាន​ប៉ា​ជា​មន្ត្រី​ប៉ូលិស​ល្បី​ប្រចាំ​ខេត្ត​បាត់ដំបង មាន​ម៉ាក់​ជា​មេផ្ទះ​ដ៏​ចំណាន និង​មាន​បង​ប្រុស​ពីរ​នាក់ ​ចំណែក​ខ្ញុំ​ជា​កូនស្រី​ពៅ។ តែ​ទីបំផុត​សុភមង្គល​គ្រូ​សារ​ខ្ញុំ​ត្រូវ​រលាយ មួយ​ប៉ប្រិច​ភ្នែក​ពេល​ដែល​ប៉ា​មាន​ប្រពន្ធចុង​រួច​ចុះ​ចេញ​ចោល​ម៉ាក់ ឯ​ម៉ាក់​ត្រូវ​ខូចចិត្ត​នឹង​ប៉ា​ក្បត់​ចិត្ត​និង​ត្រូវ​ចាញ់​បោក​មេ​តុងទីន​ទៀត​ ធ្វើ​ឲ្យ​ម៉ាក់​ប្រែ​ពី​មនុស្ស​ល្អ​ទៅ​ជា​មនុស្ស​ប្រមឹក​ដើរ​ផឹក​ចូល​បារ​មិន​គិត​ពី​កូន​ដូច​មុខ​ទៀត។

នៅ​ពេល​ឃើញ​គ្រួសារ​ចាប់ផ្ដើម​រញ៉េរញ៉ៃ ​បងប្រុស​ទី​មួយ​ខ្ញុំ​ដែល​បាន​លែងលះ​ប្រពន្ធ​កូន​គាត់​រួច​រត់​ទៅ​ថៃ​បាត់ ចំណែក​បង​ទី​ពីរ ខ្ញុំ​មិន​អាច​បរិយាយ​ពី​គាត់​ច្រើន​ឡើយ​គឺ​គាត់​ក្លាយ​ជា​ជនពាល នៅ​ភ្នំពេញ។ ចុង​ក្រោយ​ផ្ទះ​ដែល​ខ្ញុំ​ធ្លាប់​នៅ​យ៉ាង​សេចក្ដី​សុខ ត្រូវ​លក់​ចេញ​បាត់​ហើយ​សមាជិក​ម្នាក់​បាន​រត់​ចែក​ជើង​គ្នា​គ្មាន​នរណា​ម្នាក់​បារម្ភ​ពី​ខ្ញុំ​ឡើយ​។​ ខ្ញុំ​ឆ្ងល់​ណាស់​គ្រួសារ​ដែល​ធ្លាប់​ជុំ​គ្នា​សុខៗ​ហេតុ​អ្វី​ត្រូវ​ព្រាត់ប្រាស​ទៅ​គ្នា​ទៅវិញ​?​

នៅ​ពេល​ដែល​គ្រួសារ​ជួប​បញ្ហា​ទាំងនេះ ខ្ញុំ​គ្មាន​កម្លាំង​ចិត្ត​នឹង​រស់នៅ​បន្ត​ទេ ខ្ញុំ​ទម្លាក់​ស្បោង​ខោអាវ​នៅ​នឹង​គល់​ស្ពាន​បម្រុង​នឹង​លោតទឹក​សម្លាប់​ខ្លួន​ ស្រាប់តែ​មាន​មនុស្ស​ម្នាក់​មក​ឃាត់​ខ្ញុំ​នោះ​គឺ​“​អ្នកគ្រូ​ភ័ស​” អ្នកគ្រូ​បាន​ទះ​ខ្ញុំ​មួយ​កំផ្លៀង រួច​ទាញ​ខ្ញុំ​ទៅ​ឱប​ទាំង​ទឹកភ្នែក ស្រក់​ចុះ​ផង​ ”​ហេតុអ្វី​បាន​ជា​ប្អូន​គិត​ខ្លី​ម្ល៉េះ ​ប្អូន​ដឹង​ទេ​ជីវិត​មនុស្ស​ម្នាក់ៗ​មានតម្លៃ​មិនមែន​យក​បញ្ចប់​ចោល​ទាំង​នៅ​វ័យក្មេង​បែបនេះ​ទេ​” ខ្ញុំ​ស្ដាប់​សម្ដី​អ្នកគ្រូ​ទាំង​ទឹកភ្នែក​ជន់ជោរ​ដោយសារ​តែ​គំនិត​ក្មេង​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ជ្រៅជ្រះ​ទើប​ហ៊ាន​ធ្វើ​អត្តឃាត​យ៉ាង​នេះ។ សំណាង​ល្អ​ដែល​បាន​អ្នកគ្រូ​ជួយ​ដាស់តឿន​ទាន់​។ ​