ភូមិភាគភ្ជាប់និស្ស័យ
(រឿងនេះជារឿងពិតដែលបានកើតឡើងនៅក្នុងឆ្នាំ១៩៨៥) ចាប់តាំងពីធ្វើដំណើរពីភ្នំពេញមក សោភាមិនបាននិយាយអ្វីមួយម៉ាត់ឡើយ។ ភ្នែកចេះតែសម្លឹងមើលទៅផ្ទៃទឹកល្ហាចល្ហឹម និងដងព្រៃព្រឹក្សាដែលដុះអមតាមជ្រាំងទន្លេ ។ ផ្ទុយស្រឡះពីក្នុងចិត្តចេះតែរំលឹកឡើងវិញនូវពាក្យសម្ដីដដែលៗរបស់ម្ដាយខ្លួនដែលតែងតែឮកងរំពងនៅក្នុងចិត្តស្រីក្រមុំឥតមានរលុបបាត់សូម្បីតែមួយម៉ាត់។
«ស្អីគេ?! ខ្លួនជាស្រីចង់រៀនឱ្យវាខ្ពស់បានប្រយោជន៍អី? ធំប៉ុណ្ណឹងហើយគួរតែចេះចិញ្ចឹមខ្លួនឯងបានហើយ! រៀនស្អីទៀត? វាគ្មានបានប្រយោជន៍ស្អីទេ! មិនដឹងទេ! ឯងធ្វើយ៉ាងម៉េចបានស្រេចតែឯងទៅ! អញចែកច្រមុះម្នាក់មួយឱ្យដកដង្ហើមហើយ! ធ្វើម៉េចរស់បានធ្វើទៅ! អញគ្មានលទ្ធភាពទេ!»
សោភាឥតមានពាក្យអ្វីតបតទៅម្តាយឡើយ ត្បិតនាងឆ្អែតចិត្តនិងទាល់គំនិតមិនដឹងថានិយាយបែបណាឱ្យអ្នកម្តាយដ៏សែនផ្តាច់ការ មិនយល់ពីសារៈសំខាន់នៃចំណេះវិជ្ជាដែលកូនគ្រប់គ្នាគួរទទួលបានស្មើៗគ្នា មិនថាជាស្រីឬប្រុស។ តាំងពីដើមមក ម្តាយនាងមិនសូវយកចិត្តទុកដាក់ចំពោះកូនស្រីប៉ុន្មានឡើយ ហើយនាងហាក់មិនដែលបានទទួលភាពកក់ក្តៅពីម្តាយសោះ។
ស្រស់ស្រីរស់នៅជាមួយបណ្តាញាតិសាច់ថ្លៃនិងបងស្រីរហូតមក។ ទោះបីអ្នកម្ដាយតែងតែផ្ញើលុយកាក់ឧបត្ថម្ភឱ្យនាងរៀនសូត្រ ប៉ុន្តែប្រាក់ឧបត្ថម្ភនោះមានចំនួនតិចតួចស្ដួចស្ដើងជាខ្លាំង សឹងមិនអាចធ្វើអ្វីកើត។ បើនឹងឱ្យនាងហាមាត់សុំលុយម្តាយបន្ថែមក៏មិនបាន ត្បិតរាល់ដងគាត់តែជេរស្ដី ឬបោះបោកពាក្យសម្ដីនានាល្មមអោយនាងស្ពឹកមុខម្ដង។ កាន់តែគិត រង្វង់ទឹកដែលនៅដក់ក្នុងភ្នែកក៏ច្រាលរកកល់តែនឹងស្រក់ចុះមក តែនាងខំទប់ចិត្តមិនយំនាំឱ្យអ្នកដំណើរឯទៀតគេពិភាល់ក្នុងចិត្តហើយយកទៅគិតក្នុងផ្លូវខុសៗបាន។
ពេលយប់នៅលើកប៉ាល់ពិតជារងាដល់ឆ្អឹងខ្នង។ ស្រីក្រមុំគ្មានសូម្បីតែភួយឬសម្លៀកបំពាក់ក្រាស់ៗគ្រាន់ដណ្ដប់អោយបាត់រងា។ នាងដេកឱបដៃញ័រញាក់តែម្នាក់ឯងនឹកតូចចិត្តនឹងម្ដាយដែលមិនបានឱ្យសូម្បីតែលុយកាក់គ្រាន់ជាសោហ៊ុយនៃការធ្វើដំណើរមកសៀមរាបបន្តិចណាឡើយ។ គាត់គ្រាន់តែយកនាងទៅផ្ញើនឹងម្ចាស់កប៉ាល់ដែលធ្លាប់ស្គាល់គ្នា បំណងឱ្យនាងកញ្ញាដោយសារការធ្វើដំណើរពីភ្នំពេញមកសៀមរាបជាមួយគេតែប៉ុណ្ណោះ។
ពន្លឺថ្ងៃចាំងជះមកលើរាងកាយដែលកំពុងលង់លក់ ធ្វើឱ្យនាងត្រូវបើកភ្នែកឡើងមកក្នុងចំណោមភ្ញៀវឯទៀតៗដែលពេលនេះកំពុងស្រស់ស្រូបអាហារ ដោយសារតែគេបានត្រៀមមកមុនឡើងលើកប៉ាល់ជាមួយក្រុមគ្រួសាររបស់គេ ដោយមិនខ្វល់អើពើពីនារីកម្សត់នេះឡើយ។ មានថៅកែចិត្តធម៌ម្នាក់ដែលមានចិត្តអាណិតបានហុចនំប៉ាវមួយមកឱ្យនាង។ «ញ៉ាំទៅក្មួយ! ពូឱ្យ!» អរណាស់ នារីយើងលើកដៃសំពះគាត់ភ្លាម។