True love

True love


​ពន្លឺ​ព្រះអាទិត្យ​កំពុង​បញ្ចេញ​រស្មី​ដ៏​ស្រទន់​ជាមួយ​ខ្យល់​បក់​មក​តិច ​ធ្វើ​ឱ្យ​បរិយាកាស​នៅ​សួន​ក្នុង​បុរី​ធំ​សែន​ស្រស់​ត្រកាល។ សាន់​អាយុ​៨​ឆ្នាំ​ជា​កូនប្រុស​តែ​មួយ​គាត់​របស់​គ្រួសារ​ស្តុកស្តម្ហ​និង​ជា​ម្ចាស់​វីឡា​ធំ​មួយ​ក្នុង​បុរី កំពុង​តែ​លេង​ក្នុង​សួន​។ ពេល​ដើរ​ជិត​ដល់​ដើមឈើ​ធំ​មួយ​សាន់​ក៏​ឮ​សំឡេង​យំ គេ​ក៏​ព្យាយាម​រក​មើល​ប្រភព​នៃ​សំឡេង​នោះ។ គេ​ក៏​ប្រទះ​ក្មេង​ប្រុស​ម្នាក់​ដែល​មើល​ទៅ​មាន​អាយុ​ស្របាល​ៗ​គ្នា​ដែល​កំពុងតែ​អង្គុយ​យំ​នៅ​ផ្នែក​ម្ខាង​ទៀត​ក្រោម​ដើមឈើ​នោះ។ “​អេ! ​ហេតុ​អី​បាន​ជា​ឯង​យំ” ​សាន់​សួរ​ទៅ​ក្មេង​ប្រុស​នោះ។ ​ក្មេង​ប្រុស​នោះ​ក៏​ងើយ​មុខ​មើល​សាន់​រួច​ចង្អុល​ទៅ​ខាង​លើ​ សាន់​ក៏​ឃើញ​មាន​ប៉េងប៉ោង​មួយ​ទើ​លើ​នោះ។ “​ឯង​យំ​ព្រោះ​របស់​នោះ​មែន​ទេ​” ​សាន់​សួរ​ដោយ​ចង្អុល​ទៅ​ប៉េងប៉ោង​មួយ​នោះ រួច​ក្មេង​ម្នាក់​នោះ​ក៏​ងក់​ក្បាល​ដោយ​មាន​ទឹកភ្នែក​នៅ​ដក់​ជាប់​ភ្នែក។ “​ហើយ​ឯង​ឡើង​ទៅ​ធ្វើ​អី” ក្មេង​ម្នាក់​នោះ​សួរ​សាន់​ពេល​ដែល​ឃើញ​សាន់​ព្យាយាម​ឡើង​លើ​ដើមឈើ​នោះ។ “​គឺ​យក​ប៉េងប៉ោង​ឱ្យ​ឯង​នោះ​អី ​អា​ក្មេង​ល្ងង់​”​ សាន់​ងាក​មក​តប ចំណែក​ក្មេងប្រុស​នោះ​ក៏​មើល​ទៅ​សាន់​ដោយ​ឆ្ងល់ មួយ​សន្ទុះ​ក្រោយ​មក​សាន់​ក៏​ចុះ​មក​វិញ​ដោយ​មាន​កាន់​ប៉េងប៉ោង​ក្នុង​ដៃ​ជាមួយ​ផង។ “​យេ​! ​ឯង​ឈប់​ហោះ​ទៅ​ចោល​ខ្ញុំ​ទៀត​ណា៎​” ​ក្មេង​នោះ​ស្រែក​យ៉ាង​សប្បាយ​ចិត្ត ដោយ​ឱប​ប៉េងប៉ោង​នោះ។ “​គ្រាន់តែ​ប៉េងប៉ោង​មួយ​សោះ ចេះ​អង្គុយ​យំ​ដូច​មនុស្ស​ស្រី​ទៅ​កើត” សាន់​និយាយ​ដោយ​ធ្វើ​មុខ​ឆ្ងល់។ “​កុំ​និយាយ​បែប​នេះ របស់​នេះ​ជា​របស់​ដែល​លោក​ប៉ា​ខ្ញុំ​ទិញ​ឱ្យ​ខ្ញុំ​ណា៎” ក្មេង​ម្នាក់​នោះ​និយាយ​ដោយ​ឱប​ប៉េងប៉ោង​ជាប់​ដូចជា​មាន​សេចក្ដី​សុខ​ណាស់​ទាំង​ដែល​សាន់​មាន​ការ​ឆ្ងល់​ជា​ខ្លាំង​ថា​ វា​មាន​តម្លៃ​អី​របស់​បែប​នេះ នៅ​ចាញ់​យន្តហោះ​បញ្ជា​ដែល​ប៉ា​គេ​ទិញ​ឱ្យ​ពី​ឆ្នាំ​ទៅ​ឆ្ងាយ​ណាស់។