សំបុត្រមួយកំណាត់
ព្រឹកនេះ ផ្ទៃមេឃស្ងប់ស្ងាត់ បន្ទាប់ពីភ្លៀងជាប់ៗគ្នាបីថ្ងៃ ដោយសារតែរងឥទ្ធិពលសម្ពាធទាបក្នុងតំបន់…។ នៅកន្លែងធ្វើការរបស់ខ្ញុំ នៅមុខកុំព្យូទ័រ មាត់បង្អួច ខ្ញុំចោលភ្នែកទៅខាងក្រៅ នារីម្នាក់វ័យប្រហែល២៥ឆ្នាំ ចុះពីលើរថយន្ត ដើរសំដៅមកក្នុងការិយាល័យដែលខ្ញុំធ្វើការ បុគ្គលិកគ្រប់គ្នាមើលនាង។ ជាមួយនឹងវ៉ែនតាធំៗលំអទម្រង់មុខនិងបបូរមាត់ដ៏សិចស៊ីដិតដោយក្រែម ពណ៌ស៊ីជម្ពូ សាច់សម៉ដ្ឋខៃ គ្របដណ្ដប់ដោយសម្លៀកបំពាក់ ហាក់សិចស៊ី បង្ហាញទ្រូងដ៏ទ្រលុកទ្រលន់ ធ្វើឱ្យខ្ញុំមានអារម្មណ៍ហាក់ច្រណែននឹងម្ចាស់ម្រាមដៃ។ នាងដាក់បង្គុយចុះទល់មុខបុគ្គលិកម្នាក់ទៀត ដែលអង្គុយទន្ទឹមខ្ញុំ នាងដោះវ៉ែនតាដែលមានពណ៌ស្រស់ស្អាត របស់នាងប្រាស្រ័យទាក់ទងការងារជាមួយបុគ្គលិកនោះ ប្រហែលជានាងឃើញខ្ញុំ នាងញញឹមបន្តិចសួរ៖ «ពូធ្វើការនៅទីនេះឯង?» «បាទ» ខ្ញុំឆ្លើយទាំងឆ្ងល់នៅពេលដែលសំណួររបស់នាងហាក់បញ្ជាក់ថា នាងដូចជាធ្លាប់ស្គាល់ខ្ញុំ នាងញញឹម រួចងាកមុខចេញដើម្បីធ្វើការងាររបស់នាង។ ស្នាមញញឹមរបស់នាង ធ្វើឱ្យខ្ញុំហាក់ដូចជាមានអារម្មណ៍ថាធ្លាប់បានជួបប្រាស្រ័យទាក់ទងគ្នា នៅទីណាម្ដង ខ្ញុំព្យាយាមរកនឹក។ អតិថិជនម្នាក់ទៀត ក៏មកអង្គុយទល់មុខខ្ញុំ ខ្ញុំទុកការងឿងឆ្ងល់ក្នុងចិត្ត បម្រើសេវាកម្មជូនគេ។ នាងរួចរាល់ការងារ ក្រោកឈរ ខ្ញុំមើលមុខនាង នាងញញឹមប្រាប់៖ «ខ្ញុំលាហើយពូ» «បាទ»