សណ្ឋាគារ​ខ្មោច​ជួល

សណ្ឋាគារ​ខ្មោច​ជួល


កំពុង​រង់ចាំ​ឡានក្រុង​ដើម្បី​ចេញដំណើរ​ទៅ​ភ្នំពេញ ខ្ញុំ​បាន​ឮ​អ្នកដំណើរ​ឯ​ទៀត​ជជែក​គ្នា ពី​រឿង​ខ្មោច​ខ្ញុំ​មិន​ចង់​ស្ដាប់ ក៏​គេច​ទៅ​អង្គុយ​កន្លែង​ឆ្ងាយ​ពី​នោះ​ ដែល​មាន​តែ​មនុស្ស​ប្រុស​ស្រី​វ័យក្មេង​ពីរ​នាក់។ ​គេ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ខ្ញុំ​សង្ឃឹម​ថា​គេ​និង​មិន​និយាយ​រឿង​ខ្មោច​ទេ តែ​ខុសស្រឡះ ស្ត្រី​ជា​ប្រពន្ធ​និយាយ។ «បង! មក​លើក​ក្រោយ​ខ្ញុំ​ឈប់​ដេក​អូតែល​ហ្នឹង​ទៀត​ហើយ ដេក​ពីរ​យប់​យល់សុបិន​ឃើញ​តែ​ខ្មោច​ ទាំង​ពីរ​យប់ ​តែ​ខ្ញុំ​មិន​ហ៊ាន​មាត់​ខ្លាច​បង​ឯង​ស្ដី​ឱ្យ» «បង​ក៏​ដូច​ជា​ចេះ​តែ​ប្លែកៗ យ៉ាង​ម៉េច​មិន​ដឹង​ទេ បង​ទុក​កាបូប​លុយ​លើ​តុ​ចូល​បន្ទប់​ទឹក​ចេញ​មក​វិញ​ ស្រាប់តែ​កាបូប​នៅ​ក្រោម​តុ​ទៅ​វិញ មើល​ទៅ​អូន​ឯង ដេក​លក់​ទេ មើល​ទៅ​ទ្វារ​ក៏​ចាក់​សោ» «បង​ទុក​លើ​កូន​តុ​ក្បែរ​គ្រែ​ហ្នឹង​មែន​ទេ?» «អ្ហឺ… អូន​មាន​បាន​យក​ដាក់​ក្រោម​តុ​ទេ?» «អត់​ទេ បើ​ខ្ញុំ​យក​ក៏​យក​ទុក​ដែរ ទៅ​ដាក់​ក្រោម​តុ​ធ្វើ​អី ហើយ​ខ្ញុំ​ឆ្ងល់ បង​ឯង​មើល៍ បូ​ចង​សក់​ខ្ញុំ ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ណាស់​ពេល​ខ្ញុំ​ដេក​ខ្ញុំ​ដោះ​ដាក់​លើ​តុ តែ​ភ្លឺ​ឡើង​នៅ​ក្រោម​ទូ​ខោអាវ​រហូត ខ្ញុំ​ចង់​សួរ​បង តែ​ខ្ញុំ​យល់ថា​បង​មិន​ដឹង​ជា​ធ្វើ​បែប​ហ្នឹង​ធ្វើ​អី​ទេ ស្អែក​ឡើង​ខ្ញុំ​សាក​ដោះ​ដាក់​លើ​តុ​មុខ​ទូរទស្សន៍​វិញ​អត់​អី ​ម៉េច​ចឹង?» «និយាយ​អីចឹង​បង​ដូចជា​ព្រឺ​សម្បុរ ពេល​ដែល​បើកទ្វារ​បន្ទប់​ម្ដងៗ ដួច​ជា​មាន​ស្អី​រូបរាង​អាក្រក់​ៗ​មនុស្ស​បន្តិច សត្វ​ស្អី​បន្តិច ខ្លះ​អត់​ក្បាល​ខ្លះ​មានតែ​ក្បាល​អត់​ដៃ​អត់​ជើង រត់​គេច​ប្រសាច​ចូល​ក្នុង​ទូរ​ក្នុង​បន្ទប់ទឹក» «ចា៎ស! បង បង​ឯង​ដឹង​អា​យប់មិញ​នេះ​យ៉ាងម៉េច​ទេ?» «ម៉េច​អូន ?» «ខ្ញុំ​ស្រាប់តែ​ឮ​សំឡេង​គោះទ្វារ ឃើញ​បង​ដេក​ខ្ញុំ​មិន​ហ៊ាន​ដាស់ ខ្ញុំ​មក​ជិត​ទ្វារ​ឥត​ឮ​សំឡេង គោះទ្វារ​ទេ ឮ​នៅ​មាត់​បង្អួច​វិញ ខ្ញុំ​ឆ្ងល់​ពេក​ក៏​បើក​បង្អួច អើតមើល ឆ្មា​មួយ​មិន​ដឹង​ជា​វា​ធ្លាក់​មក​មុត​ជាប់​នឹង​ដែក​ដែល​គេ ទុក​សម្រាប់​សំណង់​ត​ភ្ជាប់​គ្នា ប្រហែលជា​ងាប់​យូរហើយ​ឡើង​ក្រៀម​សល់​តែ​ស្បែក​និង​ឆ្អឹង តែ​ភ្នែក​វា ដូចជា​នៅ​ក្រឡេបក្រឡាប់​បើក​ឡើង​គ្រលួង សម្លឹង​ខ្ញុំ​ដូច​ភ្នែក​បី​សាច​អីចឹង»

ខ្ញុំ​ព្រឺ​សម្បុរ ងើប​ដើរ​ចេញពី​ពួកគេ ទៅ​ឈរ​ម្នាក់ឯង មើល​ម៉ោង ជិត​ដល់​ម៉ោង​រថយន្ត​ចេញ​ដំណើរ​ហើយ ទើប​បុគ្គលិក​រថយន្ត ប្រកាស​ឱ្យ​អ្នកដំណើរ​ឡើង​ទៅ​លើ​រថយន្ត… ពេល​រថយន្ត​ចេញ​ដំណើរ​ ខ្ញុំ​ធ្មេចភ្នែក​សំងំ​ដេក… មួយសន្ទុះ​ធំ​ខ្ញុំ​ក៏​ភ្ញាក់ ខ្ញុំ​គយគន់​ទេសភាព តាម​បង្អួច​សំឡេង​ស្ត្រី​ម្នាក់​ដូចជា​វ័យ​ចំណាស់​ប្រាប់​អ្នក​ដែល​អង្គុយ​ក្បែរ។