សណ្ឋាគារខ្មោចជួល
កំពុងរង់ចាំឡានក្រុងដើម្បីចេញដំណើរទៅភ្នំពេញ ខ្ញុំបានឮអ្នកដំណើរឯទៀតជជែកគ្នា ពីរឿងខ្មោចខ្ញុំមិនចង់ស្ដាប់ ក៏គេចទៅអង្គុយកន្លែងឆ្ងាយពីនោះ ដែលមានតែមនុស្សប្រុសស្រីវ័យក្មេងពីរនាក់។ គេជាប្ដីប្រពន្ធនឹងគ្នា ខ្ញុំសង្ឃឹមថាគេនិងមិននិយាយរឿងខ្មោចទេ តែខុសស្រឡះ ស្ត្រីជាប្រពន្ធនិយាយ។ «បង! មកលើកក្រោយខ្ញុំឈប់ដេកអូតែលហ្នឹងទៀតហើយ ដេកពីរយប់យល់សុបិនឃើញតែខ្មោច ទាំងពីរយប់ តែខ្ញុំមិនហ៊ានមាត់ខ្លាចបងឯងស្ដីឱ្យ» «បងក៏ដូចជាចេះតែប្លែកៗ យ៉ាងម៉េចមិនដឹងទេ បងទុកកាបូបលុយលើតុចូលបន្ទប់ទឹកចេញមកវិញ ស្រាប់តែកាបូបនៅក្រោមតុទៅវិញ មើលទៅអូនឯង ដេកលក់ទេ មើលទៅទ្វារក៏ចាក់សោ» «បងទុកលើកូនតុក្បែរគ្រែហ្នឹងមែនទេ?» «អ្ហឺ… អូនមានបានយកដាក់ក្រោមតុទេ?» «អត់ទេ បើខ្ញុំយកក៏យកទុកដែរ ទៅដាក់ក្រោមតុធ្វើអី ហើយខ្ញុំឆ្ងល់ បងឯងមើល៍ បូចងសក់ខ្ញុំ ខ្ញុំច្បាស់ក្នុងចិត្តណាស់ពេលខ្ញុំដេកខ្ញុំដោះដាក់លើតុ តែភ្លឺឡើងនៅក្រោមទូខោអាវរហូត ខ្ញុំចង់សួរបង តែខ្ញុំយល់ថាបងមិនដឹងជាធ្វើបែបហ្នឹងធ្វើអីទេ ស្អែកឡើងខ្ញុំសាកដោះដាក់លើតុមុខទូរទស្សន៍វិញអត់អី ម៉េចចឹង?» «និយាយអីចឹងបងដូចជាព្រឺសម្បុរ ពេលដែលបើកទ្វារបន្ទប់ម្ដងៗ ដួចជាមានស្អីរូបរាងអាក្រក់ៗមនុស្សបន្តិច សត្វស្អីបន្តិច ខ្លះអត់ក្បាលខ្លះមានតែក្បាលអត់ដៃអត់ជើង រត់គេចប្រសាចចូលក្នុងទូរក្នុងបន្ទប់ទឹក» «ចា៎ស! បង បងឯងដឹងអាយប់មិញនេះយ៉ាងម៉េចទេ?» «ម៉េចអូន ?» «ខ្ញុំស្រាប់តែឮសំឡេងគោះទ្វារ ឃើញបងដេកខ្ញុំមិនហ៊ានដាស់ ខ្ញុំមកជិតទ្វារឥតឮសំឡេង គោះទ្វារទេ ឮនៅមាត់បង្អួចវិញ ខ្ញុំឆ្ងល់ពេកក៏បើកបង្អួច អើតមើល ឆ្មាមួយមិនដឹងជាវាធ្លាក់មកមុតជាប់នឹងដែកដែលគេ ទុកសម្រាប់សំណង់តភ្ជាប់គ្នា ប្រហែលជាងាប់យូរហើយឡើងក្រៀមសល់តែស្បែកនិងឆ្អឹង តែភ្នែកវា ដូចជានៅក្រឡេបក្រឡាប់បើកឡើងគ្រលួង សម្លឹងខ្ញុំដូចភ្នែកបីសាចអីចឹង»
ខ្ញុំព្រឺសម្បុរ ងើបដើរចេញពីពួកគេ ទៅឈរម្នាក់ឯង មើលម៉ោង ជិតដល់ម៉ោងរថយន្តចេញដំណើរហើយ ទើបបុគ្គលិករថយន្ត ប្រកាសឱ្យអ្នកដំណើរឡើងទៅលើរថយន្ត… ពេលរថយន្តចេញដំណើរ ខ្ញុំធ្មេចភ្នែកសំងំដេក… មួយសន្ទុះធំខ្ញុំក៏ភ្ញាក់ ខ្ញុំគយគន់ទេសភាព តាមបង្អួចសំឡេងស្ត្រីម្នាក់ដូចជាវ័យចំណាស់ប្រាប់អ្នកដែលអង្គុយក្បែរ។