វិញ្ញាណមួយក្នុងមន្ទីរពេទ្យ
ខ្ញុំជាគិលានុបដ្ឋាកនាយិកាមួយរូបដែលបម្រើការផ្នែកសាលសង្គ្រោះបន្ទាន់។ រាល់ថ្ងៃក្នុងមន្ទីរពេទ្យមានការជួប បែក ព្រាត់ស្លាប់ជាច្រើន។ ថ្ងៃនេះគ្រួសារគឺគេ ថាមិនទៀងថ្ងៃស្អែកគឺកើតលើគ្រួសារយើង ដូចពាក្យចាស់ពោលថា វាលវដ្តសង្សារ សង្ខារមនុស្សមិនទៀង កើតចាស់ ឈឺ ស្លាប់ ពោលគឺគ្មាននរណាជៀសផុតពីសេចក្ដីស្លាប់ឡើយ គ្រាន់តែមុននិងក្រោយប៉ុណ្ណោះ។ ឃើញមនុស្សស្លាប់រាល់ថ្ងៃ ថ្ងៃណាក៏មានអ្នកយំអ្នកស្រែកឱ្យសមាជិកគ្រួសារមានជីវិតរស់ឡើងវិញ ឬក៏សុំឱ្យគ្រួសារមានសុខភាពល្អ មានកាយសម្បទាល្អឡើងវិញ។ រួបភាពបែបនេះខ្ញុំឡើងស៊ាំហើយ ហេតុនេះធ្វើឱ្យខ្ញុំយល់ថា ត្រូវថែរក្សាមនុស្សនៅចំពោះមុខ ព្រោះយើងមិនដឹងថាពួកគេនឹងចាកចេញពីយើងនៅថ្ងៃណាមួយនោះទេ។ តែអ្នកខ្លះបែរជាយល់ថាស្លាប់ទៅគឺផុតទុក្ខហើយ មិនបាច់ត្រូវប្រឈមមុខនឹងពិភពលោកដ៏ព្រៃផ្សៃនេះឡើយ។ តែពួកគេមិនបានគិតថា ពិភពមួយទៀតគឺកាន់តែព្រៃផ្សៃ ពិភពដែលគ្មានការអត់ឱន មានតែភាពងងឹត ភាពមិនល្អ ដែលគេហៅថាពិភពខ្មោចឬពិភពក្រោយស្លាប់។ មានរឿងជាច្រើនដែលអ្នកមិនដឹងថាមានអ្វីកើតឡើងបន្ទាប់ពីយើងស្លាប់ទៅ តើមានអ្វីទៅដែលយើងត្រូវប្រឈមមុខ???? នេះជាសំនួរដែលគ្មានអ្នកណាឆ្លើយចេញ មានតែយើងត្រូវប្រឈមមុខដោយខ្លួនឯងប៉ុណ្ណោះ ទើបដឹងថាការពិតនោះគឺយ៉ាងណា???
“លូ…លូ…” សំឡេងឆ្កែលូរវើយៗជាសញ្ញាថាអ្វីម្យ៉ាងដែលចាស់ៗតែងនិយាយតពីមាត់មួយទៅមាត់មួយថាមានខ្មោចនៅទីនោះ ពីព្រោះចក្ខុវិញ្ញាណរបស់ឆ្កែអាចមើលវត្ថុចម្លែកជាច្រើនដែលមនុស្សមើលមិនឃើញដូចជាខ្មោចជាដើម។ “អាកា! អាកា! មានមនុស្សត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់! លោកគ្រូពេទ្យនិយាយថាអ្នកជំងឺធ្ងន់ធ្ងរណាស់ត្រូវការសង្គ្រោះជាបន្ទាន់។” អាដាស្រែកប្រាប់ខ្ញុំឱ្យត្រៀមខ្លួនចូលបន្ទប់វះកាត់។ “ចាស! ខ្ញុំដឹងហើយ។” និយាយរួចខ្ញុំក៏រត់ទៅបន្ទប់ផ្លាស់ខោអាវ និងរៀបចំសម្ភារៈដើម្បីត្រៀមចូលបន្ទប់វះកាត់។ “កាំបិតវះកាត់តូច” លោកដុកទ័រប្រាប់ឱ្យយកឧបករណ៍វះកាត់។ “កាំបិតវះកាត់មុខពីរ” សំឡេងលោកដុកទ័រលាន់ឮសាជាថ្មី។ ការវះកាត់បន្តយ៉ាងសស្រាក់សស្រាំ និងតឹងតែងបំផុត ព្រោះអ្នកជំងឺកាន់តែខ្សោយទៅៗ។ ចង្វាក់បេះដូងលោតស្ទើរតែមិនចង់លោត ជីពចរយឺតណាស់ ជាសញ្ញាថាអ្នកជិតទ្រាំលែងបានហើយ។