លោក​យាយ​ទាន់​សម័យ

លោក​យាយ​ទាន់​សម័យ


នៅ​លើ​ដង​វិថី​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​ពោរពេញ​ទៅ​ដោយ​ការ​កក​ស្ទះ​ពីព្រោះ មនុស្សម្នា​កំពុង​តែ​ប្រញាប់ប្រញាល់​ទៅ​កាន់​គោល​ដៅ​ការងារ​និង​កន្លែង​ការ​រកស៊ី​ផ្សេងៗ។ លោក​យាយ​ម្នាក់​មាន​វ័យ​ប្រមាណ​ជា​ហាសិប​ប្លាយ។ គ្រប់គ្នា​តែងតែ​ហៅ​គាត់​ថា លោក​យាយ​ទាន់​សម័យ ពី​ព្រោះ​ថ្វី​ត្បិត​តែ​លោក​យាយ​មាន​វ័យ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ ក៏​ពិត​មែន​ ប៉ុន្តែ​បើ​និយាយ​ពី​ការ​លេង​ខ្លួន​វិញ​គឺ​មិន​ចាញ់​យុវវ័យ​២០១៣​ប៉ុន្មាន​ទេ។

ជា​រៀងរាល់​ថ្ងៃ​ក្រៅ​ពី​នៅ​ផ្ទះ​ លោក​យាយ​តែង​តែ​ដើរ​ផ្សារ ឬ​ចូល​ហាង​កែ​សម្ផស្ស​ដើម្បី​ទិញ​គ្រឿង​សំអាង និង​សម្លៀកបំពាក់​ដែល​ជា​ម៉ូដ​ថ្មីៗ ទើប​តែ​នឹង​មក​ដល់។ នា​ល្ងាច​ថ្ងៃ​អាទិត្យ​មួយ លោក​យាយ​ទាន់​សម័យ​បាន​រៀបចំ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត ស្លៀក​សម្លៀកបំពាក់​ពណ៌​ឆើតៗ ម៉ូដ​សក់​អ៊ុត​រួញ ស្ទើរ​ស្រដៀង​ពោះវៀន​មាន់​ ថែម​ទាំង​ផាត់​ម្សៅ​យ៉ាង​ចាស់​ដៃ​ដើម្បី​ឱ្យ​បាត់​ស្នាម ជ្រីវជ្រួញ​និង​ភ្លឺ​ជា​ច្រើន​នៅ​លើ​ផ្ទៃ​មុខ​របស់​លោក​យាយ​ តែ​ប្រសិន​បើ​ជា​ម្សៅ​ល្មមៗ វិញ​នោះ​ ច្បាស់ជា​គ្មាន​សមត្ថភាព​អាច​លុប​បំបាត់​ស្នាម​ជ្រីវជ្រួញ​នេះ​បាន​ឡើយ។ ពេល​ដល់​ផ្សារ​ទំនើប លោក​យាយ​ដើរ​កាច់​ឫក​កាច់​រាង​យក​ស្ទីល​តាម​តារា​ម៉ូដែល​ ធ្វើ​ឱ្យ​អ្នក​ដែល​នៅ​ក្បែរៗ​គាត់ នាំ​គ្នា​ហា​មាត់​ចង្គ្រុង​ដោយ​អារម្មណ៍​រវើរវាយ​វិលវល់ គិត​វែង​ឆ្ងាយ​ ហើយ​ត្រិះរិះ​ពិចារណា​បង្ហូរ​ចេញ​មក​វិញ​នូវ​ទស្សនៈ​ប្លែក​ទីទៃ​ពី​គ្នា។ អ្នក​ខ្លះ​គ្រាន់តែ​ក្រឡេក​ឃើញ​លោក​យាយ​ភ្លាម ក៏​ទន់​ដៃ​ទន់​ជើង ទន់​អស់​ទាំង​អ្វីៗ ទាំង​អស់​ពេញ​មួយ​តួ​រាងកាយ​ រហូត​ទាល់តែ​របូត​អីវ៉ាន់​ពី​ដៃ​ដោយ​មិន​ដឹង​ខ្លួន។ ខ្លះ​ទៀត​លួច​តាម​លប​មើល​ដំណើរ​ដ៏​សែន​ល្វត​ល្វន់​របស់​លោក​យាយ​ ព្រម​ទាំង​លួច ពោល​សរសើរ​តិចៗ​ថា « អៃយ៉ូយ!.. ពិត​ជា​ជីដូន​សម្រស់​បស់​គេ​មែន!..»។ ឯ​អ្នក​ខ្លះ​ ទៀត​គ្រាន់តែ​ឃើញ​លោក​យាយ​ភ្លាម ក៏​ចោល​ខ្សែ​ភ្នែក​ត្របាញ់​ទៅ​កាន់​លោក​យាយ​ និង​សង្កៀត​ធ្មេញ​គ្រឺតៗ យក​ដៃ​គក់​ទ្រូង គ្រវី​ក្បាល​ហួស​ចិត្ត រួម​ជាមួយ​នឹង​ការ​គិត «ពុទ្ធោ​អើយ! ភ្នែក​ខ្ញុំ​មាន​បញ្ហា​ទេ​ដឹង? ងាប់​ហើយ!.. វ័យ​ប៉ុណ្ណឹង​ហើយ​នៅ​លេង​ខ្លួន ដូច​ជា​ក្មេង​ទៀត! ពិត​ជា​អន់​ចរិត​មែន!..»។ ចំណែក​ខ្លះ​ទៀត​នាំ​គ្នា​សើច​គឹល ធ្វើ​ឱ្យ​លោក​យាយ​ទាន់​សម័យ​ទច់​ដំណើរ​ង៉ក់ ​បង្វិល​ខ្លួន​ត្រឡប់​ក្រោយ​បែរ បង្ហើរ​សំនៀង យ៉ាង​ស្រទន់​ទៅ​កាន់​ទស្សនិកជន​ទាំងឡាយ «យ៉ាង​ម៉េច​ហ្នឹង! មិន​ដែល​បាន​ឃើញ​ស្រី​ស្អាត​ដើរ​នៅ​ពេល​ថ្មើរ​ហ្នឹង​ទេ​ឬ? »។ គ្រាន់តែ​ឮ​លោក​យាយ​ទាន់​សម័យ​និយាយ​បែប​ នេះ​ភ្លាម កំលោះ​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​នោះ​ក៏​បាន​ឧទាន​ឡើង «បាទ! ស្រី​ស្អាតៗ​ ខ្ញុំ​ធ្លាប់​ឃើញ​ច្រើន​ណាស់​ដែរ ប៉ុន្តែ​ស្រី​ស្អាត​កម្រិត​ស្តង់ដារ​បេតិកភណ្ឌ​ដូច​ជា​លោក​យាយ.. តាំងតែ​កើត​ពី​ពោះ​ម៉ែ​មក​ខ្ញុំ​មិន​ដែល​ធ្លាប់​ឃើញ​ទេ! ​បើ​ខ្ញុំ​ស្មាន​មិន​ខុស​ទេ​ លោក​យាយ​ប្រហែលជា​ធ្លាប់​ប្រឡង​បវរកញ្ញា​ចក្រវាល​បេតិកភណ្ឌ​ហើយ​មើល៍​ទៅ» គ្រប់​គ្នា​ដែល​ឈរ​មើល​អត់​ទ្រាំ​ទប់​សំណើច​មិន​បាន​ ក៏​តាំង​នាំ​គ្នា​សើច​ពេញ​ទំហឹង ​មនុស្ស​ចាស់ ធ្វើ​ឱ្យ​លោក​យាយ​ខឹង​កាន់​តែ​ខ្លាំង​ឡើងៗ​ មុខ​ប្រែ​ពណ៌​ក្រហម​ដូច​មេ​មាន់​រក​ពង​ដោយសារ​តែ​សម្ដី​ស៊ក​សៀត។ ជួប​សភាពការណ៍​ដ៏​សែន​អាម៉ាស់​ដូច្នេះ​ លោក​យាយ​ទ្រាំ​មិន​​បាន ក៏​ប្រញាប់​ដក​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​ភ្លាម​មួយ​រំពេច។