លោកយាយទាន់សម័យ
នៅលើដងវិថីមួយក្នុងទីក្រុងភ្នំពេញ ដែលពោរពេញទៅដោយការកកស្ទះពីព្រោះ មនុស្សម្នាកំពុងតែប្រញាប់ប្រញាល់ទៅកាន់គោលដៅការងារនិងកន្លែងការរកស៊ីផ្សេងៗ។ លោកយាយម្នាក់មានវ័យប្រមាណជាហាសិបប្លាយ។ គ្រប់គ្នាតែងតែហៅគាត់ថា លោកយាយទាន់សម័យ ពីព្រោះថ្វីត្បិតតែលោកយាយមានវ័យរាងជ្រេបន្តិចទៅហើយ ក៏ពិតមែន ប៉ុន្តែបើនិយាយពីការលេងខ្លួនវិញគឺមិនចាញ់យុវវ័យ២០១៣ប៉ុន្មានទេ។
ជារៀងរាល់ថ្ងៃក្រៅពីនៅផ្ទះ លោកយាយតែងតែដើរផ្សារ ឬចូលហាងកែសម្ផស្សដើម្បីទិញគ្រឿងសំអាង និងសម្លៀកបំពាក់ដែលជាម៉ូដថ្មីៗ ទើបតែនឹងមកដល់។ នាល្ងាចថ្ងៃអាទិត្យមួយ លោកយាយទាន់សម័យបានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្លៀកសម្លៀកបំពាក់ពណ៌ឆើតៗ ម៉ូដសក់អ៊ុតរួញ ស្ទើរស្រដៀងពោះវៀនមាន់ ថែមទាំងផាត់ម្សៅយ៉ាងចាស់ដៃដើម្បីឱ្យបាត់ស្នាម ជ្រីវជ្រួញនិងភ្លឺជាច្រើននៅលើផ្ទៃមុខរបស់លោកយាយ តែប្រសិនបើជាម្សៅល្មមៗ វិញនោះ ច្បាស់ជាគ្មានសមត្ថភាពអាចលុបបំបាត់ស្នាមជ្រីវជ្រួញនេះបានឡើយ។ ពេលដល់ផ្សារទំនើប លោកយាយដើរកាច់ឫកកាច់រាងយកស្ទីលតាមតារាម៉ូដែល ធ្វើឱ្យអ្នកដែលនៅក្បែរៗគាត់ នាំគ្នាហាមាត់ចង្គ្រុងដោយអារម្មណ៍រវើរវាយវិលវល់ គិតវែងឆ្ងាយ ហើយត្រិះរិះពិចារណាបង្ហូរចេញមកវិញនូវទស្សនៈប្លែកទីទៃពីគ្នា។ អ្នកខ្លះគ្រាន់តែក្រឡេកឃើញលោកយាយភ្លាម ក៏ទន់ដៃទន់ជើង ទន់អស់ទាំងអ្វីៗ ទាំងអស់ពេញមួយតួរាងកាយ រហូតទាល់តែរបូតអីវ៉ាន់ពីដៃដោយមិនដឹងខ្លួន។ ខ្លះទៀតលួចតាមលបមើលដំណើរដ៏សែនល្វតល្វន់របស់លោកយាយ ព្រមទាំងលួច ពោលសរសើរតិចៗថា « អៃយ៉ូយ!.. ពិតជាជីដូនសម្រស់បស់គេមែន!..»។ ឯអ្នកខ្លះ ទៀតគ្រាន់តែឃើញលោកយាយភ្លាម ក៏ចោលខ្សែភ្នែកត្របាញ់ទៅកាន់លោកយាយ និងសង្កៀតធ្មេញគ្រឺតៗ យកដៃគក់ទ្រូង គ្រវីក្បាលហួសចិត្ត រួមជាមួយនឹងការគិត «ពុទ្ធោអើយ! ភ្នែកខ្ញុំមានបញ្ហាទេដឹង? ងាប់ហើយ!.. វ័យប៉ុណ្ណឹងហើយនៅលេងខ្លួន ដូចជាក្មេងទៀត! ពិតជាអន់ចរិតមែន!..»។ ចំណែកខ្លះទៀតនាំគ្នាសើចគឹល ធ្វើឱ្យលោកយាយទាន់សម័យទច់ដំណើរង៉ក់ បង្វិលខ្លួនត្រឡប់ក្រោយបែរ បង្ហើរសំនៀង យ៉ាងស្រទន់ទៅកាន់ទស្សនិកជនទាំងឡាយ «យ៉ាងម៉េចហ្នឹង! មិនដែលបានឃើញស្រីស្អាតដើរនៅពេលថ្មើរហ្នឹងទេឬ? »។ គ្រាន់តែឮលោកយាយទាន់សម័យនិយាយបែប នេះភ្លាម កំលោះម្នាក់ដែលឈរនៅក្បែរនោះក៏បានឧទានឡើង «បាទ! ស្រីស្អាតៗ ខ្ញុំធ្លាប់ឃើញច្រើនណាស់ដែរ ប៉ុន្តែស្រីស្អាតកម្រិតស្តង់ដារបេតិកភណ្ឌដូចជាលោកយាយ.. តាំងតែកើតពីពោះម៉ែមកខ្ញុំមិនដែលធ្លាប់ឃើញទេ! បើខ្ញុំស្មានមិនខុសទេ លោកយាយប្រហែលជាធ្លាប់ប្រឡងបវរកញ្ញាចក្រវាលបេតិកភណ្ឌហើយមើល៍ទៅ» គ្រប់គ្នាដែលឈរមើលអត់ទ្រាំទប់សំណើចមិនបាន ក៏តាំងនាំគ្នាសើចពេញទំហឹង មនុស្សចាស់ ធ្វើឱ្យលោកយាយខឹងកាន់តែខ្លាំងឡើងៗ មុខប្រែពណ៌ក្រហមដូចមេមាន់រកពងដោយសារតែសម្ដីស៊កសៀត។ ជួបសភាពការណ៍ដ៏សែនអាម៉ាស់ដូច្នេះ លោកយាយទ្រាំមិនបាន ក៏ប្រញាប់ដកខ្លួនចេញពីកន្លែងកើតហេតុភ្លាមមួយរំពេច។