ម្នាក់​ប្រុស​​នោះ​ជា​អ្នក​ណា?

ម្នាក់​ប្រុស​​នោះ​ជា​អ្នក​ណា?


ម្នាក់​នោះ​ជា​អ្នក​ណា គឺ​ជា​រឿង​រ៉ាវ​ព្រឺព្រួច​ លាយ​ឡំ​នឹង​ស្នេហា​ស្មោះ​ស ដែល​កើត​ឡើង​ដោយ​សារ​អបិយ​ជំនឿ​ខ្មែរ​នៃ​ការ​សង់​ផ្ទះ និង​ជំនឿ​ខ្មោច​ចូល ដែល​ពណ៌នា​ទាំង​បែប​អាភីនីហារ​បូក​រួម​នឹង​វិទ្យាសាស្ត្រ​ពិត។ គ្រួសារ​របស់​ធានី​បាន​មក​រស់​នៅ​ភ្នំពេញ​ ហើយ​នៅ​ជិត​ផ្ទះ​នាង​មាន​ផ្ទះ​វីឡាមួយ​ដែល​មាន​ម្ចាស់​ជា​អ្នក​កម្លោះ​រូប​សង្ហា​ម្នាក់។ បាន​ឃើញ​គេ​ម្ដង​ធានី​ចេះ​តែ​លួច​មើល​គេ​មិន​ឈប់... តែ​អ្វី​ដែល​ចម្លែក​គឺ​បុរស​ម្នាក់​នេះ​ញ៉ាំ​តែ​មី​កំប៉ុង និង​ផឹក​កាហ្វេ​ប៉ុណ្ណោះ ទឹក​មុខ​គេ​ស្លេក​ស្លាំង​ រហូត​ធានី​គិត​ថា​គេ​ជា​មនុស្ស​ខ្មោច​ចូល។

ដូច​ជា​នាង​គិត​មែន សុគន្ធ​ជា​ម្ចាស់​ផ្ទះ​សង្ហា​ត្រូវ​វីញ្ញាណ​បង​ស្រី​ភ្លោះ​ចូល​សណ្ឋិត ហើយ​ធ្វើ​បាប​រូប​កាយ​ញឹក​ញាប់​ណាស់។ យប់​មួយ​ធានី​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ ហើយ​នាង​បាន​ចុះ​ទៅ​ជួយ​គេ​។ ដោយ​តែ​ធានី​ជា​ក្មេង​ស្រី​បរិសុទ្ធ​ហើយ​មាន​រាសី​ខ្ពស់​ផង ទើប​ធ្វើ​ឱ្យ​វិញ្ញាណ​ខ្មោច​​ខ្លាច ប៉ុន្តែ​​ខ្មោច​នោះ​បាន​មក​តាម​យាយី​អ្នក​ផ្ទះ​របស់​នាង​ដែល​មាន​រាសី​ទាប​ជាង​ទៅ​វិញ។ មិន​យូរ​ប៉ុន្មាន ធានី​និង​សុគន្ធ​ក៏​មាន​ចិត្ត​លើ​គ្នា តែ​ថ្ងៃ​មួយ​ដែល​ធានី​ទៅ​ជួប​នឹង​គ្រូ​អាគម​ម្នាក់ គាត់​បាន​ប្រាប់​ថា រវាង​គ្រួសារ​នាង​និង​សុគន្ធ​ នាង​ត្រូវ​រើស​មួយ​។

ធានី​ពិត​ជា​ពិបាក​ចិត្ត​ខ្លាំង​ណាស់​ មិន​ដឹង​ជ្រើស​រើស​អ្នក​ណា ដូច្នេះ​នាង​ក៏​យក​រឿង​នេះ​ទៅ​ប្រាប់​ម៉ាក់​ប៉ា ប៉ុន្តែ​ប៉ា​របស់​នាង​បែរ​ជា​ទៅ​លួច​ស្ដី​ឱ្យ​សុគន្ធ ឈប់​ឱ្យ​សុគន្ធ​ទាក់​ទង​កូន​ស្រី​ខ្លួន​ទៀត។ សុគន្ធ​ព្រោះ​តែ​មិន​ចង់​ឱ្យ​ធានី​ខុស​នឹង​ឪពុក​ខ្លួន​ឯង គេ​ក៏​កុហក​នាង​ថា​គេ​មិន​បាន​ស្រឡាញ់​នាង​ទេ គេ​គ្រាន់​តែ​បោក​ប្រាស់​នាង​ប៉ុណ្ណោះ។ ធានី​ខឹង​រត់​ចេញ​ពី​គេ​ទាំង​យប់ មិន​ប្រយ័ត្ន​ក៏​ជួប​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ បណ្ដាល​​ឱ្យ​បាត់​បង់​ការ​ចង​ចាំ។ សុគន្ធ​សុខភាព​មិន​សូវ​ល្អ​តាំង​ពី​តូច បូក​រួម​ទាំង​កត្តា​ខ្មោច​សណ្ឋិត​ញឹក​ញាប់​ផង ធ្វើ​ឱ្យ​រាង​កាយ​គេ​ចុះ​ខ្សោយ​ ហើយ​ក៏​ស្លាប់​ទៅ​ ដោយ​ធានី​មិន​បាន​ចង​ចាំ​គេ​សូម្បី​តែ​បន្តិច។