ម្នាក់ប្រុសនោះជាអ្នកណា?
ម្នាក់នោះជាអ្នកណា គឺជារឿងរ៉ាវព្រឺព្រួច លាយឡំនឹងស្នេហាស្មោះស ដែលកើតឡើងដោយសារអបិយជំនឿខ្មែរនៃការសង់ផ្ទះ និងជំនឿខ្មោចចូល ដែលពណ៌នាទាំងបែបអាភីនីហារបូករួមនឹងវិទ្យាសាស្ត្រពិត។ គ្រួសាររបស់ធានីបានមករស់នៅភ្នំពេញ ហើយនៅជិតផ្ទះនាងមានផ្ទះវីឡាមួយដែលមានម្ចាស់ជាអ្នកកម្លោះរូបសង្ហាម្នាក់។ បានឃើញគេម្ដងធានីចេះតែលួចមើលគេមិនឈប់... តែអ្វីដែលចម្លែកគឺបុរសម្នាក់នេះញ៉ាំតែមីកំប៉ុង និងផឹកកាហ្វេប៉ុណ្ណោះ ទឹកមុខគេស្លេកស្លាំង រហូតធានីគិតថាគេជាមនុស្សខ្មោចចូល។
ដូចជានាងគិតមែន សុគន្ធជាម្ចាស់ផ្ទះសង្ហាត្រូវវីញ្ញាណបងស្រីភ្លោះចូលសណ្ឋិត ហើយធ្វើបាបរូបកាយញឹកញាប់ណាស់។ យប់មួយធានីបានឃើញព្រឹត្តិការណ៍នេះ ហើយនាងបានចុះទៅជួយគេ។ ដោយតែធានីជាក្មេងស្រីបរិសុទ្ធហើយមានរាសីខ្ពស់ផង ទើបធ្វើឱ្យវិញ្ញាណខ្មោចខ្លាច ប៉ុន្តែខ្មោចនោះបានមកតាមយាយីអ្នកផ្ទះរបស់នាងដែលមានរាសីទាបជាងទៅវិញ។ មិនយូរប៉ុន្មាន ធានីនិងសុគន្ធក៏មានចិត្តលើគ្នា តែថ្ងៃមួយដែលធានីទៅជួបនឹងគ្រូអាគមម្នាក់ គាត់បានប្រាប់ថា រវាងគ្រួសារនាងនិងសុគន្ធ នាងត្រូវរើសមួយ។
ធានីពិតជាពិបាកចិត្តខ្លាំងណាស់ មិនដឹងជ្រើសរើសអ្នកណា ដូច្នេះនាងក៏យករឿងនេះទៅប្រាប់ម៉ាក់ប៉ា ប៉ុន្តែប៉ារបស់នាងបែរជាទៅលួចស្ដីឱ្យសុគន្ធ ឈប់ឱ្យសុគន្ធទាក់ទងកូនស្រីខ្លួនទៀត។ សុគន្ធព្រោះតែមិនចង់ឱ្យធានីខុសនឹងឪពុកខ្លួនឯង គេក៏កុហកនាងថាគេមិនបានស្រឡាញ់នាងទេ គេគ្រាន់តែបោកប្រាស់នាងប៉ុណ្ណោះ។ ធានីខឹងរត់ចេញពីគេទាំងយប់ មិនប្រយ័ត្នក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យបាត់បង់ការចងចាំ។ សុគន្ធសុខភាពមិនសូវល្អតាំងពីតូច បូករួមទាំងកត្តាខ្មោចសណ្ឋិតញឹកញាប់ផង ធ្វើឱ្យរាងកាយគេចុះខ្សោយ ហើយក៏ស្លាប់ទៅ ដោយធានីមិនបានចងចាំគេសូម្បីតែបន្តិច។