ព្រះ​នាង​តូច​

ព្រះ​នាង​តូច​


សារ៉ា​ដែល​គេ​គ្រប់​គ្នា​ក្នុង​សាលា​ទីក្រុង​ឡុងដ៍​សរសើរ​ថា​ជា​ក្មេង​ស្រី​មាន​សំណាង​បំផុត បាន​ទទួល​ដំណឹង​អាក្រក់​ហួស​នឹង​ទទួល​យក​ក្នុង​ថ្ងៃ​ខួប​កំណើត​លើក​ទី​១១​របស់​នាង។ កញ្ញា​មីនជីន​អ្នក​គ្រប់​គ្រង​សាលា​នោះ​បាន​ប្រាប់​ព្រះ​នាង​តូច​សារ៉ា​គ្រូវី​ថា លោក​ប៉ា​របស់​នាង​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ទៅ​ហើយ​។ អ្វី​ៗ​ក្នុង​គ្រួសារ​នាង​ត្រូវ​រលាយ​គ្មាន​សល់ ដូច្នេះ​នាង​គ្មាន​សល់​អ្វី​ទៀត​ទេ សូម្បី​តែ​របស់​ដែល​នៅ​ជាប់​នឹង​ខ្លួន​នាង​ ក៏​ត្រូវ​បាន​រឹប​អូស​យក​អស់​ដែរ​។

ភាព​ក្រៀម​ក្រំ​នៃ​ការ​បាត់បង់​របស់​មាន​តម្លៃ​នៃ​គ្រួសារ​នាង ក៏​មិន​ទាន់​ស្មើ​នឹង​ទុក្ខ​សោក​នៃ​ការ​បាត់​បង់​ឪពុក​ជា​ទី​ស្រលាញ់ និង​ជា​វីរបុរស​ក្នុង​ជីវិត​នាង​ឡើយ​។ ស្ថិត​ក្នុង​ជីវភាព​ជា​ក្មេង​ស្រី​អាយុ​ទើប​តែ​១១​ឆ្នាំ សារ៉ា​ត្រូវ​ប្រែ​ក្លាយ​ពី​ព្រះ​នាង​តូច​ដែល​គ្រប់​គ្នា​ធ្លាប់​តែ​លើក​តម្កើង មក​ធ្លាក់​ខ្លួន​ជា​អ្នក​បម្រើ​ក្នុង​សាលា​ដោយសារ​គ្មាន​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​រៀន​សូត្រ និង​ការ​ស្នាក់​នៅ​បាន​ទៀត​។

ត្បិត​តែ​ជួប​រឿង​អកុសល​ច្រើន​យ៉ាង​នេះ តែ​សារ៉ា​មិន​ដែល​សម្រក់​ទឹក​ភ្នែក​ឱ្យ​អ្នក​ណា​បាន​ឃើញ​ឡើយ។ នាង​តែង​ធ្វើ​ខ្លួន​ជា​ក្មេង​ស្រី​ដ៏​រឹង​មាំ​ និង​មាន​សុទិដ្ឋិនិយម​ក្នុង​ការ​តស៊ូ​រស់​ក្នុង​ពិភពលោក​ដ៏​តែលតោល​នេះ​។ នាង​នៅ​តែ​ធ្វើ​ជា​មិត្ត​ល្អ​នឹង​មនុស្ស​គ្រប់​គ្នា និង​សត្វ​ទាំង​ឡាយ​ក្នុង​សាលា​។