ព្រះនាងតូច
សារ៉ាដែលគេគ្រប់គ្នាក្នុងសាលាទីក្រុងឡុងដ៍សរសើរថាជាក្មេងស្រីមានសំណាងបំផុត បានទទួលដំណឹងអាក្រក់ហួសនឹងទទួលយកក្នុងថ្ងៃខួបកំណើតលើកទី១១របស់នាង។ កញ្ញាមីនជីនអ្នកគ្រប់គ្រងសាលានោះបានប្រាប់ព្រះនាងតូចសារ៉ាគ្រូវីថា លោកប៉ារបស់នាងបានស្លាប់ដោយសារជំងឺទៅហើយ។ អ្វីៗក្នុងគ្រួសារនាងត្រូវរលាយគ្មានសល់ ដូច្នេះនាងគ្មានសល់អ្វីទៀតទេ សូម្បីតែរបស់ដែលនៅជាប់នឹងខ្លួននាង ក៏ត្រូវបានរឹបអូសយកអស់ដែរ។
ភាពក្រៀមក្រំនៃការបាត់បង់របស់មានតម្លៃនៃគ្រួសារនាង ក៏មិនទាន់ស្មើនឹងទុក្ខសោកនៃការបាត់បង់ឪពុកជាទីស្រលាញ់ និងជាវីរបុរសក្នុងជីវិតនាងឡើយ។ ស្ថិតក្នុងជីវភាពជាក្មេងស្រីអាយុទើបតែ១១ឆ្នាំ សារ៉ាត្រូវប្រែក្លាយពីព្រះនាងតូចដែលគ្រប់គ្នាធ្លាប់តែលើកតម្កើង មកធ្លាក់ខ្លួនជាអ្នកបម្រើក្នុងសាលាដោយសារគ្មានប្រាក់ឧបត្ថម្ភថ្លៃរៀនសូត្រ និងការស្នាក់នៅបានទៀត។
ត្បិតតែជួបរឿងអកុសលច្រើនយ៉ាងនេះ តែសារ៉ាមិនដែលសម្រក់ទឹកភ្នែកឱ្យអ្នកណាបានឃើញឡើយ។ នាងតែងធ្វើខ្លួនជាក្មេងស្រីដ៏រឹងមាំ និងមានសុទិដ្ឋិនិយមក្នុងការតស៊ូរស់ក្នុងពិភពលោកដ៏តែលតោលនេះ។ នាងនៅតែធ្វើជាមិត្តល្អនឹងមនុស្សគ្រប់គ្នា និងសត្វទាំងឡាយក្នុងសាលា។