សារ៉ាម៉ានី

សារ៉ាម៉ានី


រឿង «សារ៉ាម៉ានី» និពន្ធ​ដោយ​ជនជាតិ​បារាំង​ឈ្មោះ "រ៉ូឡង់ម៉ឺយែរ" ចាងហ្វាង​វិចិត្រ​សិល្បៈ​ប្រចាំ​ប្រទេស​កម្ពុជា​ កាល​ជំនាន់​ប្រទេស​យើង​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​បារាំង​នៅ​ឡើយ ដោយ​ដាក់​ចំណង​ជើង​ថា​ «SARAMANI, DANSEUSE KHMERE» បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ ១៩១៩។ "រ៉ូឡង់ម៉ឺយែរ" ធ្លាប់​រស់​នៅ​ក្នុង​ប្រទេស​យើង​អស់​ពេល​ដ៏​យូរ​ ធ្លាប់​ចេញ​ចូល​វាំង​ស្ដេច​ខ្មែរ​ជា​ញឹកញាប់។ នេះ​ជា​កត្តា​ដ៏​សំខាន់​អនុញ្ញាត​ឲ្យ​លោក​និពន្ធ​សៀវភៅ​នេះ​ឡើង​ប្រកប​ដោយ​ខ្លឹម​សារ​ដ៏​ល្អ​ រៀប​រាប់​ពី​ជីវភាព​ព្រះ​រាជវង្ស​នៃ​ព្រះ​មហាក្សត្រ​ខ្មែរ​នៅ​ក្នុង​វាំង​ ពី​ជីវភាព​រាស្ត្រ​ខ្មែរ ពី​សង្គម​ខ្មែរ​នៅ​សម័យ​នោះ​ ពី​ចំណាប់​អារម្មណ៍​នៃ សារ៉ាម៉ានី នារី​ខ្មែរ​ដ៏​សាមញ្ញ​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់​ទឹក​ ឆ្លង​កាត់​មហាសាគរ​ ច្រើន​ថ្ងៃ​ ច្រើន​យប់ មុន​នឹង​បាន​មក​ដល់ និង​ស្នាក់​អាស្រ័យ​មួយ​រយៈ​ពេល​ខ្លី​​នៅ​ស្រុក​បារាំង។ សោត​ឯ​ដំណើរ​រឿង​ខ្ញុំ​បាន​សាក​សួរ​ចាស់​ទុំ​ច្រើន​នាក់​ដែល​ធ្លាប់​រស់​នៅ​ក្នុង​វាំង​ ឃើញ​ថា​សុទ្ធ​សឹង​ជា​រឿង​ពិត​ រហូត​ដល់​តួ​អង្គ​ក្នុង​រឿង ក៏​សុទ្ធ​ជា​មនុស្ស​ដែល​ធ្លាប់​បាន​រស់​នៅ​កាល​ជំនាន់​នោះ​មែន។