សារ៉ាម៉ានី
រឿង «សារ៉ាម៉ានី» និពន្ធដោយជនជាតិបារាំងឈ្មោះ "រ៉ូឡង់ម៉ឺយែរ" ចាងហ្វាងវិចិត្រសិល្បៈប្រចាំប្រទេសកម្ពុជា កាលជំនាន់ប្រទេសយើងស្ថិតនៅក្រោមអាណាព្យាបាលបារាំងនៅឡើយ ដោយដាក់ចំណងជើងថា «SARAMANI, DANSEUSE KHMERE» បោះពុម្ពផ្សាយក្នុងឆ្នាំ ១៩១៩។ "រ៉ូឡង់ម៉ឺយែរ" ធ្លាប់រស់នៅក្នុងប្រទេសយើងអស់ពេលដ៏យូរ ធ្លាប់ចេញចូលវាំងស្ដេចខ្មែរជាញឹកញាប់។ នេះជាកត្តាដ៏សំខាន់អនុញ្ញាតឲ្យលោកនិពន្ធសៀវភៅនេះឡើងប្រកបដោយខ្លឹមសារដ៏ល្អ រៀបរាប់ពីជីវភាពព្រះរាជវង្សនៃព្រះមហាក្សត្រខ្មែរនៅក្នុងវាំង ពីជីវភាពរាស្ត្រខ្មែរ ពីសង្គមខ្មែរនៅសម័យនោះ ពីចំណាប់អារម្មណ៍នៃ សារ៉ាម៉ានី នារីខ្មែរដ៏សាមញ្ញម្នាក់ដែលបានធ្វើដំណើរតាមកប៉ាល់ទឹក ឆ្លងកាត់មហាសាគរ ច្រើនថ្ងៃ ច្រើនយប់ មុននឹងបានមកដល់ និងស្នាក់អាស្រ័យមួយរយៈពេលខ្លីនៅស្រុកបារាំង។ សោតឯដំណើររឿងខ្ញុំបានសាកសួរចាស់ទុំច្រើននាក់ដែលធ្លាប់រស់នៅក្នុងវាំង ឃើញថាសុទ្ធសឹងជារឿងពិត រហូតដល់តួអង្គក្នុងរឿង ក៏សុទ្ធជាមនុស្សដែលធ្លាប់បានរស់នៅកាលជំនាន់នោះមែន។