សងឈាមពីរតំណ

ភ្នំពេញក្នុងសម័យជឿនលឿននេះល្បែងដែលគេពេញនិយមជាងគេ គឺការប្រណាំងម៉ូតូហោះ ដែលពូកែស្ទាត់ជំនាញមែនទែន គេអាចបញ្ជាឱ្យម៉ូតូផ្លោះដុំថ្ម គល់ឈើ ដីក្រហូង ទួលខ្ពស់យ៉ាងប៉ិនប្រសប់បំផុត ហើយក្នុងរយៈពេលកន្លះឆ្នាំប្រឡងម្ដង នេះអ្នកជាប់លេខមួយ ត្រូវបានរង្វាន់លើសលប់ជាប្រាក់រាប់ម៉ឺនរៀល ហើយអ្នកជាប់លេខ២ និងលេខ៣ បានរង្វាន់ជាមធ្យម គេយកត្រឹមលេខ ៣ ប៉ុណ្ណោះ ចំណែកថៅកែធំៗដែលចាំចាប់លេខម៉ូតូភ្នាល់គ្នានេះ ក៏ត្រូវចាញ់ឈ្នះរាប់ម៉ឺនរៀលអញ្ចឹងដែរ។ ការចាញ់ឈ្នះទាំងទឹកប្រាក់រហូតដល់កិត្តិយស បានក្លាយទៅជាទំព័រសងសឹកមួយគួរឱ្យញញើតក្នុងឆាកជីវិតមនុស្ស ដែលរស់ក្នុងពិភពលោភលន់ឥតព្រំដែន។ នេះជាឆ្នាំទី២ នៃការប្រឡងប្រណាំងម៉ូត។ មេប្រយោគកំពុងប្រកាសតាមមេក្រូយ៉ាងកងរំពង ទស្សនិកជនកំពុងជ្រួលជ្រើមពេញកន្លែងអង្គុយ ថៅកែធំៗដែលភ្នាល់គ្នា ក៏កំពុងតែច្រាសច្រាលដែរ ម៉ូតូ ១៦ គ្រឿងកំពុងប្រុងប្រៀបត្រៀមខ្លួនជាស្រេច។ ម៉ូតូលេខ ៨ ម្ចាស់របស់វាស្លៀកពាក់ខោអាវស្ព័រ ពណ៌ត្រួយចេក រាងមាំសង្ហាអង់អាចណាស់ ឃ្លុំមុខជិតដោយកញ្ចក់ពាសមុខ តែរង្វង់មុខគេលេចត្រដែតតាមកញ្ចក់ភ្លឺចិញ្ចាច ជារង្វង់មុខរបស់កំលោះក្នុងវ័យ ២៥ឆ្នាំ ភ្នែកខ្មៅក្រិបដូចកូនម្រឹគ ច្រមុះស្រួចសមនឹងបបូរមាត់មានស្នេហ៍ គេស្អាតហើយស្រស់សង្ហា គួរឱ្យនារីផ្ដេកផ្ដួលអារម្មណ៍....