ខ្យល់កម្មផ្តាំស្នេហ៍

ខ្យល់កម្មផ្តាំស្នេហ៍


ធម៌មេត្តាកើតពីចិត្ត ក្តីសន្តោសបញ្ចេញតាមកាយវិការ ឯសេចក្តីស្នេហាតំណាងដោយកែវភ្នែក ហើយភ្នែកដែលដិតដាមជ្រៅរាវរកការពិតពុំបាន គឺភ្នែករបស់មនុស្ស ដែលទទួលការឈឺចាប់ឆ្អែតទៅហើយ ជួនកាលវាពុំអាចមើលឃើញការឈឺចាប់របស់អ្នកដទៃបានទៀតទេ! គេពុំអាចវាស់ស្ទង់ជម្រៅចិត្ត ជាពាក្យសម្តីបានឡើយ ហើយក៏ពុំអាចកម្រិតស្នេហាតាមកាយវិការបានដែរ ព្យុះបោកបក់ធំបែបណា មិនសាហាវដល់ព្យុះវាសនាបក់កាត់ ហើយវាសនាអស់ក្តីសង្ឃឹមរសាត់ដូចសម្រាមមួយទង ដែលលោកនេះធុញទ្រាន់គ្មានត្រាប្រណី ផ្កាក្រដាសជាផ្កាសាងពីក្រដាសលាបពណ៌ដាក់ពាក់ទាក់ទីផ្សារ ពេលបងទិញយកមកលំអចិត្តម្តងម្តាល រួចជាន់ឈ្លីឥតអាសូរ ញញឹមជានិច្ចឥតរុញរា ញញឹមទទួលចំណងកម្មទាំងទឹកភ្នែកស្រក់ហូរ ទឹកភ្នែកក្លែងក្លាយទេ ទឹកភ្នែកឈឺចាប់ស្រក់ចារជាទំព័រចុងក្រោយជូនពរអ្នកក្នុងថ្ងៃរៀបការ។ រាល់ថ្ងៃរៀបលិច ខ្ញុំសួរមនុស្សតែគ្មានចម្លើយ ពពកក៏បាត់ឈឹងហាក់ចំអកឲ្យជីវិត រសាត់តាមខ្យល់បក់កណ្តោចកណ្តែងក្នុងវដ្តសង្សារគ្រោតគ្រាត ទឹកភ្នែកហូរពុំដែលវិលត្រលប់ ស្រទាប់ផ្កាក្រដាស ផ្ញើវាសនាលើអ្នកហើយទោះហូរទៅរសាត់ទៅណាក៏មិនត្អូញត្អែរ គ្មានអ្វីឈឺផ្សាជាងទំនួញដួងចិត្តទេ! លាទាំងអាល័យ…លាពេលដែល បានជួបគ្រាដំបូងនិងភ្ញាក់ផ្អើល លោកិយពាក្យសម្តីមនុស្សធម៌ លារូបល្អតែចិត្តជាមារស្រាយចំណងកម្មរបស់អ្នកផងទៅ ទុកទឹកភ្នែកឈប់ស្រក់ហូរ បើអ្នកចេះមានក្តីសន្តោសខ្លះៗក្នុងវិញ្ញាណមនុស្ស!