មច្ចុរាជ

មច្ចុរាជ


ទ្វារវិមានបើកឃ្វាំងឡើងលេចផ្នូរដែលពូនថ្មីៗ។ កំលោះមួយរូបដែលដើរចូលមកកាន់វិមាននេះកាលបើឃើញដូច្នេះរន្ធត់ញាប់ញ័រក្នុងប្រមាត់ស្ទើរវង្វេងស្មារតី។ គេងឿងឆ្ងល់ណាស់...ហេតុអីក៏វិមានក៏មនោរម្យនេះមានផ្នូរកប់ខ្មោចទៅវិញ?កំលោះស្ងួតបំពង់កសម្លឹងមើលផ្នូរនេះហើយក៏ចោលភ្នែកមើលទៅវិមាន។ពុទ្ធោអើយ! វិមានបិទទ្វារស្ងាត់ជ្រងំ។ សេចក្ដីងឿងឆ្ងល់រាប់ម៉ឺនប្រការបានក្ដោបរួបរឹតខួរក្បាលគេ។កំលោះដកដង្ហើមធំរួចហើយទើបដកខ្សែភ្នែកចេញពីវិមានមើលមកផ្នូរទាំងប្រាំនេះវិញដោយគិតក្នុងចិត្តថា៖ «តើនរណាស្លាប់?។បើមានមនុស្សស្លាប់ហេតុអីក៏គេយកសាកសពមកកប់នៅក្នុងវិមានដ៍ស្អាតត្រចះត្រចង់ទៅវិញ?ឬមួយក៏លោកសេដ្ឋីគុជសូរ្យសែងប្រពន្ធគាត់និងកូនទាំង៣នាក់ស្លាប់?បើស្លាប់មែនតើព្រោះអ្វី?តើហេតុអ្វីបានជាស្លាប់ទាំងអស់គ្នាអីចឹង?» គិតឃើញដូច្នេះហើយ អ្នកកំលោះកាន់តែបុកពោះមែនទែនព្រោះគេមិនចង់ឲ្យគ្រួសារនេះជួបនូវរឿងរបៀបនេះឡើយ។កំលោះបោះជំហានចូលទៅក្នុងជម្រៅវិមានសំដៅផ្នូរទាំងប្រាំដោយបាញ់កែវភ្នែកសង្កត់មកផ្ទាំងថ្មនៃផ្នូរធំៗពីរ។លុះគេដើរមកជិត...អក្សរដែលបានចារឹកនៅលើថ្មបានក្លាយទៅជាខ្យល់ព្យុះព្យោមាបក់បោកដួងចិត្តគេជាខ្លាំង។ គេឈ្លីភ្នែកមើលអក្សរនោះម្ដងទៀត...