មាលាដួងចិត្ត

មាលាដួងចិត្ត


ទីឃាវុធជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី២ទំនើប។ ទីឃាវុធជាមនុស្សដែល​មានអារម្មណ៍អណ្តែតអណ្តូង ចូលចិត្តការស្តាប់ចម្រៀងសៀម។ ពេលវិស្សមកាល ទីឃាវុធ​បាន​ទៅលេងឪពុកម្តាយនៅភូមិអូតាគី ខេត្តបាត់ដំបង។ ពេលធ្វើដំណើរតាមរថភ្លើងបានជួបកញ្ញាជន​ជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀត។ នាងនោះឈ្មោះចន្ទមណី។ អ្នកទាំងពីរសាសងគ្នាពីនេះពីនោះ ស្រាប់តែរថភ្លើងមកដល់ចំណតតែម្តង។ ទីឃាវុធនឹកស្តាយ​មិន​ចង់ឃ្លាតឡើយ។ បុរសចំណាស់ម្នាក់កំពុងឈររេរា ឈ្មោះទេពកោសល្លវិចិត្រករ ជាឪពុកនាងចន្ទមណីដែល​ភៀសខ្លួនមកនៅស្រុកខ្មែរ ដោយរាជរដ្ឋាភិបាលសៀមចោទប្រកាន់គាត់ថាជាអ្នករួមគំនិតបះបោរ​ប្រឆាំងនឹងរដ្ឋាភិបាលសៀម។ នាងចន្ទមណីបានណែនាំឪពុកនាងឲ្យស្គាល់ទីឃាវុធ ដែលបាន​ជួយយកអាសារនាងក្នុងពេលធ្វើដំណើរ។ អ្នកទាំងបីស្វាគមន៍គ្នារួចក៏បែកគ្នាទៅកាន់លំនៅ​រៀងៗ​ខ្លួន។ ចាប់តាំងពីពេលនោះមក ទីឃាវុធពុំបានជួបមុខនាងចន្ទមណីទៀតទេ។ ថ្ងៃមួយនៅពេលសម្រាកពីការសិក្សា ទីឃាវុធទៅមើលកុន ស្រាប់តែបានជួបពីរនាក់ឪពុក និងកូនម្តងទៀត។ នាងចន្ទមណីបានបបួលទីឃាវុធទៅលេងផ្ទះនាង។ ចាប់ពីពេលនោះមកទីឃា​វុធបានចេញចូលផ្ទះនាងយ៉ាងញឹកញាប់ ធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធឡើងពីមួយថ្ងៃទៅមួយ​ថ្ងៃ ហើយទីឃាវុធបានខិតខំប្រឹងប្រែងរៀនសូត្រទ្វេឡើង។ ក្នុងឱកាសវិស្សមកាលក្រុមគ្រួសារ​របស់នាងចន្ទមណីបានបបួលទីឃាវុធទៅលំហែកាយនៅសៀមរាបអង្គរ។ ពេលធ្វើដំណើរនេះ​មានគ្រួសារវេគីបាននាំដំណើរទស្សនាគ្រប់ប្រាសាទទាំងអស់រហូតដល់ភ្នំគូលែន។ គូស្នេហ៍ទាំងពីរ​បានបន់ស្រន់ចំពោះព្រះភក្ត្រព្រះអង្គធំ សូមឲ្យសេចក្តីស្នេហាគេទាំងពីរបានសម្រេចដូចបំណង ​និងទទួលបាននូវសេចក្តីសុខ។ ក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញ ទីឃាវុធខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡង​ជាប់ជាស្ថាពរ។ គេសប្បាយរីករាយជាពន់ពេក បាននាំដំណឹងល្អនេះទៅប្រាប់នាងចន្ទមណី តែ​បែរ​ជាធ្វើឲ្យចិត្តនាយប្រែជាស្រពាប់ស្រពោនទៅវិញ ដោយសារនាងចន្ទមណី និងឪពុកត្រឡប់ទៅ​ស្រុកកំណើតវិញព្រោះម្តាយនាងមានជំងឺ ហើយលោកទេពកោសល្លត្រូវរួចពីទោសផង។ តាំងពីពេលនោះមកស្នេហាអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយ ចំណែកប្រទេសជាតិក៏មានភាពច្របូក​ច្របល់ដែរ សាលាត្រូវបិទទ្វារព្រោះគ្រូបង្រៀនមានកាតព្វកិច្ចបម្រើផ្នែកកងទ័ពវិញ។ ទីឃាវុធ​សម្រេចចិត្តឈប់រៀនហើយត្រឡប់ទៅស្រុកកំណើតវិញដោយសភាពការណ៍ក្នុង និងក្រៅប្រទេស​មិនស្រួល ហើយបានដាក់ពាក្យសុំធ្វើការងាររដ្ឋបាលជាបាល័ដ្ឋនៅខេត្តពោធិ៍សាត់។ ទីឃាវុធបានជួលផ្ទះមីងក្អាត់ ពូហ៊ីតស្នាក់អាស្រ័យ។ ការធ្វើការងារនៅខេត្តពោធិ៍សាត់ គេ​បានជួបប្រទះតែអំពើពុករលួយ ពាលាអាវាសែ។ ម្យ៉ាងទៀតបានទទួលដំណឹងពីសម្លាញ់វេគី ដែល​ជាគិញសម្ងាត់នោះថា នាងចន្ទមណី និងឪពុកនាងធ្វើការជាចារបុរស ចារនារី មកយកការណ៍នៅ​ស្រុកខ្មែរធ្វើឲ្យទីឃាវុធមានការខឹងសម្បារជាខ្លាំង ក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ព។ ការប្រយុទ្ធគ្នាបានផ្ទុះឡើង ធ្វើឲ្យទ័ពខាងយើង​មានរបួស និងស្លាប់ជាច្រើននាក់។ ក្នុងចំ​ណោមអ្នករងគ្រោះ ទីឃាវុធត្រូវរងរបួសធ្ងន់ជាងគេ តែត្រូវបាននាងចន្ទមណីបរិច្ចាគឈាមឲ្យ និង​ព្យាបាលជំងឺ ទើបទីឃាវុធបានជាសះស្បើយ។ ទីឃាវុធមិនបានត្រេកអរចំពោះការជួយសង្គ្រោះ​ជីវិតពីនាងទេ ថែមទាំងបានប្រើសម្តីគំរោះគំរើយ អសីលធម៌ឲ្យនាងថែមទៀតផង តែនាងមិនខឹង​នឹងកម្លោះទេ ព្រោះនាងមានហេតុផលច្បាស់លាស់។ ពេលត្រឡប់ពីសង្គ្រាមវិញ ទីឃាវុធបានទទួលតំណែងជាចៅហ្វាយស្រុកពួក។ ពេលនោះ​ព្រំ​ប្រទល់ខេត្តខ្លះដូចជាបាត់ដំបង មួយភាគនៃពោធិ៍សាត់ខេត្តកំពង់ធំ ស្ថិតនៅក្រោមការកាន់កាប់​របស់សៀម ធ្វើឲ្យប្រជាជនមានការលំបាកចេញចូល​ប្រកបរបរកសិកម្ម កំលោះរូបនេះត្រូវបានបង្ខំ​ចិត្តរាប់អានជាមួយនាយអាំភើ និងនាងចុលានន្ទ ជាជនជាតិសៀម ដោយធ្វើការចេញចូលទៅមក​ផ្ទះរបស់គេមិនដែលដាច់។ ថ្ងៃមួយនាយអាំភើបាននាំឪពុកមា និងប្អូនស្រីមកស្រុកខ្មែរទស្សនាអង្គរ ទីឃាវុធបានចាត់​ចែងជូនដំណើរគ្រួសារនាយអាំភើ ដើម្បីតបស្នងដែលគេបានធ្វើល្អមកលើខ្លួន។ ទីឃាវុធមានការ​សោកស្តាយណាស់ដោយសម្លាញ់វេគីបានផ្តល់ដំណឹងខុសពីរឿងនាងចន្ទមណីនិងឪពុក។ ទីឃា​វុធចង់ធ្វើការសុំទោសនាង​ តែពុំមានឱកាសសោះ។ ពេលទៅដល់របាយការណ៍ក្រោយពីទទួល​ទានអាហាររួចចុះងូតទឹក កំពុងតែបណ្តែតអារម្មណ៍ ស្រាប់តែនាងចន្ទមណីហែលទឹកមករកទីឃា​វុធចង់សួររឿងរ៉ាវខ្លះៗ។ ទីឃាវុធបាននិយាយសុំទោសនាង តែពុំព្រមទទួលនាងធ្វើជាសង្សារជាថ្មី​ទេ ព្រោះគេបានសច្ចាចំពោះព្រះភ័ក្រ្តបដិមានៅអង្គរថា បើសៀមប្រគល់ខេត្តដែលគេយកទៅឲ្យ​មកខ្មែរវិញ ទើបរាប់អានសៀមជាមិត្តបាន។ សង្រ្គាមត្រូវបានបញ្ចប់ សៀមបានប្រគល់ទឹកដីឲ្យមកខ្មែរវិញ ដោយមានលោកជូឡុង​តំណាងរាជរដ្ឋាភិបាល និងលោកឧកញ៉ាដឺហ្សុងគ្ឃែរ ជាអ្នកចុះហត្ថលេខាទទួលយកដីខ្មែរមកវិញ នៅក្រោមការដឹកនាំយ៉ាងសកម្មរបស់មន្ត្រីខ្មែរ ប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់​ដែរ។ លោកទេពកោសល្លបានសុំសិទ្ធិកាន់កាប់ដីធ្លីដែលគាត់បានទិញពីមុនមក។ សេចក្តីស្នេហា​របស់ទីឃាវុធ និងនាងចន្ទមណីបានចេញជាពន្លកភ្លឺចិញ្ចាចឡើងវិញនៅក្រោមដំបូលវិហារមួយ ដោយមានការបួងសួងសូមឲ្យស្នេហារបស់គេបានសុខសាន្តជារៀងរហូត។