លង់ស្នេហ៍អូនប៉ូលីស

លង់ស្នេហ៍អូនប៉ូលីស


អ្នកណាថាជាមនុស្សស្រីមិនអាចធ្វើការងារធ្ងន់ៗដូចមនុស្សប្រុសបាន? អ្នកណាថាធ្វើជាមនុស្សស្រីមិនអាចវាយទាត់ធាក់ដូចមនុស្សប្រុសបាន? ហើយអ្នកណាដែលគិតថាជាមនុស្សស្រីមិនអាចធ្វើជាប៉ូលីសបាន? អ្នកកំពុងតែគិតខុសហើយ ព្រោះអីខ្ញុំនេះហើយគឺជាប៉ូលីសស្រី ខ្ញុំនឹងធ្វើឲ្យពិភពលោកនេះដឹងថាមនុស្សស្រីក៍អាចធ្វើអ្វីៗបានដូចបុរសដែរ (ចេះតែលួងលោមខ្លួនឯងទៅ)។ អាការដែលក្លាយជាប៉ូលីសបែបនេះគឺជាក្តីសុបិន្តរបស់ខ្ញុំតាំងពីនៅក្មេងៗម្ល៉េះ! ព្រោះធ្វើជាប៉ូលីសអាចជួយការងារដល់សង្គមហើយអាចជួយដល់មនុស្សផ្សេងៗយ៉ាងច្រើនទៀតផង (ដូចនៅក្នុងរឿងដែលខ្ញុំបានមើលកាលពីក្មេងៗជាមួយបងប្អូនរបស់ខ្ញុំ ខ្ញុំចូលចិត្តរឿងដែលមានតួជាប៉ូលីស ហិហិ)។ ទំរាំបានក្លាយទៅជាប៉ូលីសបែបនេះខ្ញុំចំនាយពេលអស់ច្រើនណាស់! ខ្ញុំត្រូវចូលមហាវិទ្យាល័យ បន្ទាប់មកត្រូវប្រលងចូល ក្របខណ្ឌប៉ូលីសរដ្ឋ បន្ទាប់ពីប្រលងជាប់ហើយក៍ត្រូវមានការហ្វឹកហាត់យ៉ាងលំបាកវេទនាបំផុតតាមដែលខ្ញុំមិនធ្លាប់ជួបពីមុនមក។ អាចចាត់ទុកថាខ្ញុំពូកែហើយ បើមិនអញ្ចឹងមិនមែនខ្ញុំប្រលងជាប់គ្រប់ពេលហើយទទួលបានពិន្ទុល្អរហូតនោះទេ (អួតបន្តិចហើយ)។ ប៉ុន្តែអ្វីដែលសំខាន់ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការងារជាប៉ូលីសរបស់ខ្ញុំហើយនៅលើទឹកដីដែលខ្ញុំពុំធ្លាប់មកនោះគឺខេត្ត..........មណ្ឌលគិរី.........។ អស់អាលីញម៉ង! មកពីខ្ញុំរៀនអន់ពេកទេដឹងបានជាចាប់ប៉ុស្តិ៍បានឆ្ងាយសែនឆ្ងាយបែបនេះ! ចង់តែយំទេលោកអើយ! កុំតែវាជាការងារក្នុងក្តីស្រមៃទេ កុំអីខ្ញុំមិនខ្ចីមកជាដាច់ខាត..........និយាយលេងទេ យ៉ាងណាក៍ត្រូវតែមកនឹងហើយ..........។