ភួងមាលាសមុទ្រឈាម

ភួងមាលាសមុទ្រឈាម


ភ្នែកសម្លឹងឃើញសមុទ្រមានពណ៌ក្រហមឆ្អៅ ព្រោះឈាមស្រស់កំពុងហូរស្រោចស្រពពេញប្រអប់ទ្រូង បេះដូងមិនដង្ហោយហៅរកស្នេហាទេ បេះដូងទាមទារ តែការឈឺចាប់ទោះជាកំរងភួងផ្កាល្អលើសអ្វីៗ ក៏ពុំអាចធ្វើឲ្យសមុទ្រឈាមប្រែពណ៌ដែរ រាល់ពេលថ្ងៃលិចខ្ញុំចង់ឲ្យមានសាកសពមួយអណ្តែតនៅក្នុងរលកសមុទ្រ ដើម្បីឲ្យវានៅមានពណ៌ក្រហមជានិច្ចសម្រាប់ខ្ញុំ។ ស្មានច្រឡំហើយស្រស់ស្រី បើសិនជាយល់ថាសម្រស់នាងអាចប្រែក្លាយការតាំងចិត្តរបស់បាន…! មនុស្សម្នាក់ដែលចាត់ទុកថាស្រទាប់ផ្កាជាបន្លាមុតស្រួចទៅវិញនេះ គេពុំដែលឲ្យតម្លៃទៅលើសម្រស់នារីទេ ទុកកំនួចថ្ពាល់របស់នាងសម្រាប់សើចដាក់ប្រុស ដទៃក្រៅពីខ្ញុំទៅវាប្រសើរជាង! ហើយត្រូវចាំជានិច្ចថាជួបប្រុសជំពូកខ្ញុំ នាងស៊យដល់ទៅពីរជាតិឯណោះពុំមែនត្រឹមតែជាតិនេះទេ ! នៅមុនពេលសមុទ្រប្រែពណ៍ជាផ្ទៃមេឃរលកស្ងប់ ភួងផ្ការីកស្តុះស្គាយ ហើយអណ្តែតតាមកំលាំងទឹកមកបំពាក់កបងដោយចៃដន្យបំផុត ពេលនោះហើយដែលសមុទ្រឈាមរលាយរលត់ បាត់ចេញពីអារម្មណ៍ហើយជំនួសវិញ ដោយមនោសញ្ចេតនាដ៏សែនភិរម្យនៃជីវិត ។ ក្នុងលោកនេះ មនោសញ្ចេតនាជាស្រមោលដែលស្ថិតនៅក្នុងដួងព្រលឹងជានិច្ចជាកាល គ្មានអ្នកណាម្នាក់កាត់ផ្តាច់បេះដូងខ្លួនឯងពីសេចក្តីស្នេហាបានឡើយប្រៀបដូច ផ្ទៃសមុទ្រដែលមានពណ៍ផ្ទៃមេឃជានិច្ចមិនអាចប្រែក្លាយជាពណ៍ ក្រហមបានទេ ត្រូវព្រមទទួលស្គាល់បេះដូងរបស់ខ្លួន ប្រសើរជាងខំលាក់បាំងដោយការឈឺចាប់ ព្រោះទាំងអស់នេះ នឹងក្លាយទៅជាសោកនាដកម្មនៃជីវិត ។