គ្រូបង្រៀនស្រុកស្រែ
រឿង “គ្រូបង្រៀនស្រុកស្រែ” បានបោះពុម្ពផ្សាយនៅខែកុម្ភៈ ឆ្នាំ១៩៥៧ បន្ទាប់ពីរឿង “គូលីកំនែន” របស់អ្នកនិពន្ធតែមួយ។ រឿងនេះបាន បំផុសការតស៊ូនយោបាយមានលក្ខណៈគ្រៅជ្រះជាងរឿង “គូលីកំនែន”។ អ្នកនិពន្ធបានរៀបរាប់ពីចលនាឃោសនាផ្សព្វផ្សាយគំនិតប្រជាធិបតេយ្យសង្គមនិយម តាមខិតប័ណ្ណ បដា និងការជជែកគ្នានៃតួអង្គ។ ចំណុចសំខាន់ ដែលង្នកនិពន្ធបានលើកយកមកបកស្រាយ គឺការភ្ញាក់រលឹករបស់ប្រជាជននៅស្រុកស្រែពីការជិះជាន់របស់ពួកចក្រពត្តិនិយមអាមេរិច តាមល្បិចថ្មីក្រោយពីនឹមត្រួតត្រាអាណានិគមនិយមបារាំង ជប៉ុន បានរលំរលើងពីឥណ្ឌូចិន។ យើងឃើញថា ក្នុងដំណើររឿង ចរន្តផ្សព្វផ្សាយឥទ្ធិពលល្អស្តីពីលទ្ធិសង្គមនិយម ត្រូវបានជនចម្រើន ដែលបានទទួលរស្មីនៃលទ្ធិនេះមិនគេយកមកឃោសនា ពន្យល់ អប់រំ ដល់គ្រប់ស្រទាប់ប្រជាជន។ ក្នុងចំណោមជន ទាំងនោះមាន កម្មករ កសិករ និងគ្រូបង្រៀន ដែលមានស្មារតីភ្ញាក់រលឹក បានចេញមុខប្រឆាំងនឹងអំពើរអយុត្តិធម៌របស់ពួកអ្នកកាន់អំណាចនាសម័យនោះ។ ទោះបីពួកអ្នកកាន់អំណាចប្រើមធ្យោបាយវាយបង្ក្រាប កាច់បំបាក់ ចាប់ដាក់គុក ខ្នោះឃ្នាង ច្រវ៉ាក់ សាហាវព្រៃផ្សៃយ៉ាងណាក៏ដោយ ក៏ពួកជនដែលនៅសល់នោះ នៅតែបន្តការតស៊ូរំដោះជាតិជានិច្ច។ ល្បិចគម្រាមកំហែង សម្លុតស្មារី មិនអាចយកជ័យជម្នះលោកទឹកចិត្តអំណត់អត់ធន់ សេចក្តីអង់អាច ឆន្ទៈការពារជាតិ ការពារសេរីភាពរបស់ពួកគេបានឡើយ។ នៅក្នុងសកម្មភាពដ៏ផុសផុលនេះ នារីក៏មានការភ្ញាក់រលឹកយ៉ាងខ្លាំងណាស់ដែរ។ សកម្មភាពរបស់នារី ត្រូវានអ្នកនិពន្ធលោកយកមកលាតត្រដាង បញ្ជាក់ឲ្យឃើញកាន់តែច្បាស់នូវការយល់ដឹងរបស់នារី លើបញ្ហាស្រុកទេស និងវិភាគទានដ៏សំខាន់របស់នារី ក្នុងចលនារំដោះជាតិ។ ប្តីត្រុវគេរកចាប់ នារីជាប្រពន្ធបន្តឧត្តមគតិប្រជាធិបតេយ្យរបស់ប្តី។ នារីដ៏ទៃទៀតក្នុងភូមិចូលរួមដឡស្រាយរាល់ការលំបាកនានាដើម្បីឲ្យបំណងរបស់ប្រជាជន បានទៅដល់គោលដៅ។ នារីមានការភ្ញាក់រលឹក ខំរំដោះខ្លួនពីគ្រោះអវិជ្ជា បានតាមដានព្រឹត្តិការណ៍ប្រទេសជាតិយ៉ាងសកម្មថែមទាំងជួយលើកទឹកចិត្តប្តី និងមិត្តភ័ក្តិឲ្យមានដំណើរការល្អក្នុងការផ្សព្វផ្សាយគំនិតអធន ហើយនឹងជួយរកវិធីទប់ទល់នឹងល្បិចបង្រ្កាបអ្នកតស៊ូពីសំណាក់ពួកអ្នកកាន់អំណាចពេលនោះផងទៀត។ ក្នុងរឿងនេះ សកម្មភាពដែលលេចធ្លោជាងគេ គឺសកម្មភាពរបស់គ្រូបង្រៀន និងជនភ្ញាក់រលឹកចង់បានសេរីភាពប្រជាធិបតេយ្យ។ អ្នកទាំងអស់នេះ ឈរលើឧត្តមគតិមួយដាច់ខាត គឺស្នេហា សន្តិភាព ស្នេហាមនុស្សជាតិ ស្នេហាសេរីភាព។ ទិសដៅធំបំផុត គឺពួកគេធ្វើយ៉ាងណាវាយបណ្តេញពួក ចក្រពត្តិឲ្យបានចេញផុតពីមាតុភូមិជាទីស្រលាញ់ ហើយកសាងសង្គមមួយល្អបរិសុទ្ធ។ ថ្វីបើរឿងគ្រូបង្រៀនស្រុកស្រែ មានអត្ថន័យជ្រៅជ្រះជាងរឿងគូលីកំនែនក៏ដោយ ក៏រឿងនេះ ឋិតនៅក្នុងប្រភេទរឿងតថនិយមជឿនលឿន។ ព្រោះថា រឿងនេះបានត្រឹមតែបំផុសចលនាតស៊ូនយោបាយឈានឡើងបដិវត្តន៍ ប្រជាជាតិ មិនទាន់ដល់កម្រិតតថនិយមនៅឡើយ។ នេះជាកត្តាសត្យនុម័តតាមតំណរយៈកាលរិកចម្រើននៃប្រវិត្តសាស្ត្រ។ គណៈកម្មការ សុំកែសម្រួលអក្ខរាវិរុទ្ធតាមសំណេរបច្ចុប្បន្ន ឯឃ្លា ល្បះ រក្សាទុកដដែល។ គណៈកម្មការយើងខ្ញុំ សូមផ្ញើទំនុកចិត្ត និងសេចក្តីរាប់អានដ៏កក់ក្រៅលើប្រិយមិត្តជាទីស្នេហា ក្នុងការផ្តល់យោបល់រិះគន់ស្ថាបនាចំពោះកថាមុខនេះ ដើម្បីការរីកចម្រើននៃអក្សរសាស្ត្រជាតិយើង។