សេចក្តីផ្តើម
នៅលើដងផ្លូវលំដ៏តូចមួយ មានកំលោះម្នាក់កំពុងតែរុញរទេះលក់នំចេកចៀនយ៉ាងស្វិតស្វាញ។ ស្របពេលនោះផងដែរ ស្រាប់តែមានសំឡេងឡានស៊ីភ្លេឱ្យអ្នករុញរទេះអាក់ដំណើរទៅមុខ។
នារីម្នាក់មានរូបរាងស្រស់សោភាបានបើកទ្វារចេញមកហើយវាចាទៅកាន់អ្នកលក់នោះថា៖
“លោក!”
កែវភ្នែករបស់អ្នកលក់ចេកចៀនចោលមករកប្រភពសំឡេង ធ្វើឱ្យអ្នកកំលោះបានយល់ភក្ត្រនារីនោះថាជាអ្នកណាគេ? តាមពិតនាងគឺជាសិស្សពូកែម្នាក់ដែលជាមិត្តរួមថ្នាក់រៀនជាមួយគេសោះ។ អ្នកកំលោះភ្លាត់មាត់ស្តីទៅកាន់នាងថា៖
“អ្ហា! អ្នកនាង”
“ខ្ញុំមកទិញនំយកទៅញុំា”
វាចាស្រួយស្រែសដូចសារិកា បាននិយាយទៅកាន់កំលោះសន្តិវិញយ៉ាងស្រស់បំព្រង តែទឹកមុខនាងប្រែជាស្រពោនវិញពេលសន្តិសួរនាង៖
“ហ៊ឺ! តើអ្នកនាងចេះញុំានំប្រភេទនេះដែរឬ?”
សន្តិសួរដោយឆ្ងល់ព្រោះគេមិននឹកស្មានថាគ្រួសារអភិជនដូចជារីយាចេះញុំានំប្រភេទនេះ។ រីយានាងសម្លឹងមើលមុខរលោងម៉ត់របស់អ្នកលក់នំចេកចៀនស្រស់សង្ហាហើយនិយាយថា៖
“ថីមិនចេះញុំា! នំចេកចៀនឆ្ងាញ់សឹងអី គ្មានអ្វីត្រូវរើសអើងទេ ព្រោះខ្ញុំមិនមែនជាអ្នកមានអីណាស់ណាផង”
“អ្នកនាងដាក់ខ្លួនមែនទែន”
រីយាសម្រួលទឹកមុខធម្មតាវិញហើយស្រដីតប៖
“ខ្ញុំមិនបានដាក់ខ្លួនទេ ព្រោះខ្ញុំពិតជាចង់ញុំានំនេះពិតមែន។ លោកគឺជាអ្នកលក់នំហេតុអីត្រូវខ្មាសអៀន។ វាជាមុខរបរសុចរិតត្រឹមត្រូវល្អតើ មិនបានទៅឆក់ប្លន់នរណាទេ។ ខ្ញុំគិតថា បើសិនលោកជាចោរដើរលួចទ្រព្យសម្បត្តិគេ ទើបចាំខ្មាសអៀន”
“តែខ្ញុំគិតថា...”
“កុំគិតថាអី! ខ្ញុំទិញនំ នេះមេឃក្តៅខ្លាំងណាស់ លោកមិនឃើញទេឬ?”
កាយវិកាយកដៃបាំងថ្ងៃបញ្ជាក់ពីការមិនអាចទ្រាំនឹងកម្តៅថ្ងៃបាន បើកំលោះអ្នកលក់នំចេកចៀននៅតែសួរនាំនាងមិនព្រមលក់នំឱ្យ ស្បែកសខ្ចីរបស់នាងច្បាស់ជាត្រូវខ្លោចជាំអស់ជាមិនខានទេ។ អាការរបស់នាងបានធ្វើឱ្យសន្តិភ្ញាក់ផ្អើលជាខ្លាំងនិងរហ័សវាចាទៅកាន់នាងថា៖
“អ្ហាសអា! សុំទោសៗអ្នកនាង អ្នកនាងទិញប៉ុន្មានដែរ?
រីយាឆ្លើយទាំងមិនពេញចិត្តនឹងចរិតអ្នកលក់នំ៖
“ឱ្យខ្ញុំមួយម៉ឺនមក!”
“ថាម៉េចទិញនំមួយម៉ឺនឬ?” សន្តិសួរដោយភ្ញាក់ផ្អើល។
“ចាសទិញមួយម៉ឺន។ តើលោកមានបញ្ហាអ្វីឬ?”
“មិនមានបញ្ហាអ្វីទេ! ហើយអ្នកនាងទិញច្រើនយ៉ាងនេះ ទិញទៅធ្វើអី!”
រីយាដកដង្ហើមធំមុនវាចាតប៖
“ហ៊ឺ! យ៉ាងម៉េចហ្នឹង? លក់នំ មិនចង់ឱ្យគេទិញច្រើនទេឬ? ឬមួយក៏ចង់ឱ្យទិញតិចៗ ព្រោះមិនចង់លក់ឱ្យអស់ឆាប់ទេ”
ពេលបានឮរីយាសួរបញ្ឈឺដូច្នោះសន្តិអស់សំណើចស្តីទៅកាន់នាង៖
“ចង់អស់តើ! ណេះអ្នកនាងនំថ្លៃមួយម៉ឺន”
“ស្លាប់ហើយលោក! អីក៏ច្រើនម្ល៉េះ!”
រីយាលើកថង់នំចេកចៀនបង្វិលមើល ព្រោះនាងគិតថានំនេះច្រើនខ្លាំងណាស់ សង្ស័យតែលោកសន្តិនេះលក់ឱ្យខុសបរិមាណនិងតម្លៃលុយទេ។ កាយវិការរបស់រីយាធ្វើឱ្យសន្តិញញឹមនិងហុចថង់នំមួយទៀតទៅនាង៖
“ប៉ុណ្ណឹងមិនច្រើនទេ! នេះខ្ញុំថែមឱ្យអ្នកនាង”
“អូយ! មិនចាំបាច់ថែមទេ លោកទុកលក់វិញចុះ”
រីយាមិនព្រមទទួលយកថង់នំថែម ហើយបានរុញវាឱ្យទៅកាន់សន្តិវិញ។ សន្តិធ្លាក់ទឹកមុខស្រពោននិយាយថា៖
“អ្នកនាងស្អប់ខ្ពើមខ្ញុំឬ? ត្រូវហើយ ព្រោះខ្ញុំជាអ្នកក្រ តែកាលដែលខ្ញុំថែមឱ្យ គឺជាទឹកចិត្តរបស់ខ្ញុំ”
“ខ្ញុំសុំទោស!”
រីយាដឹងថាសន្តិអន់ចិត្តទើបនាងរហ័សនិយាយសុំទោសគេ តែតាមពិតនាងមិនទទួលយកនំថែម ព្រោះនាងមិនចង់ឱ្យសន្តិខាតបង់តែប៉ុណ្ណោះ។
“អ្នកនាងកុំសុំទោស! អ្នកនាងគ្មានកំហុសទេ”
ស្តីហើយសន្តិក៏បានហុចថង់នំ ដែលថែមឱ្យនោះជូននាងម្តងទៀត ហើយលើកនេះរីយាមិនហ៊ានបដិសេធទេ។
“ចាសអរគុណ! ខ្ញុំសុំលាលោកសិនហើយ”
“បាទ!”
“ខ្ញុំសូមជូនឱ្យលោកលក់ដាច់ ហើយឆាប់បានទៅរៀនវិញ”
“បាទអរគុណច្រើនអ្នកនាងដែលបានជួយទិញខ្ញុំ”
រីយាញញឹមមុននឹងបោះជំហានត្រលប់ទៅឡានរបស់នាងវិញ។ កែវភ្នែករបស់សន្តិសម្លឹងមើលនាងមិនដកភ្នែកឡើយ រហូតដល់នាងបើកឡានចេញឆ្ងាយផុតពីខ្សែភ្នែករបស់គេ។
¤¤¤
១
សិស្សនិន្ទេស A
បីខែបានកន្លងផុតទៅ!
នារីម្នាក់ដែលយើងបានស្គាល់នាងរួចទៅហើយ គឺរីយាកូនស្រីអភិជនកំពុងតែធ្វើដំណើរឡើងញាប់ស្អេកមានកាន់បាច់ផ្កាផង កំពុងដើរតម្រង់ទៅកាន់បុរសម្នាក់ដែលយើងបានស្គាល់ដូចគ្នាថាជាអ្នកណានោះ គឺលោកសន្តិក្មេងវត្តដែលគ្មានពុកម្តាយដូចជាគេ។ នាងបានហុចបាច់ផ្កាទៅឱ្យសន្តិ ធ្វើឱ្យអ្នកលក់នំចេកចៀននិយាយថា៖
“បាច់ផ្កា? អ្នកនាងយកបាច់ផ្កាទៅណា?”
“ខ្ញុំឱ្យលោក!”
“ឱ្យខ្ញុំ?”
“ចាសឱ្យលោក!”
សន្តិរុញចេញហើយនិយាយថា៖
“តែខ្ញុំ...មិនចង់បានវាទេ។
រីយាស្ទើរមិនជឿថា សន្តិហ៊ានរុញដៃនាងចេញយ៉ាងនេះសោះ។
“ថាម៉េចមិនចង់បាន ហេតុអី្វលោកមិនចង់បានវា?”
“មិនបានទេ ខ្ញុំមិនចង់បានទេ។ តែ...”
រីយាផ្តើមសម្លុតថា៖
“តែយ៉ាងម៉េច? លោកស្អប់ខ្ពើមខ្ញុំមែនទេ? នេះជាបាច់ផ្កាអបអរសាទរដែលលោកទទួលបាននិទ្ទេស A”
“អ្នកនាងដឹងឬ?”
“ចាសខ្ញុំដឹងតើ”
សន្តិទើបយល់ពីមូលហេតុ ហេតុអីនាងឱ្យផ្កាគេ? គឺតាមពិតនាងជូនកំលោះក្នុងឱកាសអបអរសាទរដែលគេទទួលបាននិទ្ទេស A សោះ សន្តិខំគិតផ្តេសផ្តាសតែម្នាក់ឯងស្មានតែនាងមកសុំស្នេហ៍គេ ទើបបានជាមិនហ៊ានទទួលយក តែតាមពិតនាងឱ្យគេក្នុងន័យអ្វីដែរទៅ?
“លោកគឺជាសិស្សពូកែម្នាក់ ហើយខ្ញុំក៏មានចេតនានឹងសុំស្រលាញ់លោក”
នៅពេលរីយាស្រដីដូច្នោះបន្ត ធ្វើឱ្យសន្តិគិតអ្វីលែងយល់តែម្តង ព្រោះបាច់ផ្កានេះជូនគេមិនមែនមានហេតុផលតែមួយទេ។
សន្តិសួរនាងទាំងភ្ញាក់ផ្អើលថា៖
“ថាម៉េចសុំស្រលាញ់ខ្ញុំ? អ្នកនាងលេងសើចពេកហើយ។ អ្នកក្រមានមុខរបរជាអ្នកលក់នំចេកចៀនដូចខ្ញុំមិនស័ក្តិសមទេ វាមិនអាចទៅរួចឡើយ!”
“ស្នេហាគ្មានអ្វីដែលមិនអាចទៅរួចទេ។ សំខាន់ខ្ញុំស្រលាញ់លោក។ តើលោកស្រលាញ់ខ្ញុំទេ?”
“ខ្ញុំ...”
“លោកឆ្លើយមក ថាលោកស្រលាញ់ខ្ញុំដែរឬទេ?”
“ខ្ញុំពិបាកឆ្លើយខ្លាំងណាស់!”
រីយាអស់សំណើចនឹងចរិតសន្តិទើបស្រដីថា៖
“ពិបាកឆ្លើយ លោកគ្មានបេះដូងទេឬ? បេះដូងជារបស់លោក លោកអាចនិយាយបានណា ថាស្រលាញ់ឬអត់ស្រលាញ់”
“តែ... តែ...”
“តែយ៉ាងម៉េច!”
“ខ្ញុំក្រ!”
រីយាញញឹម ព្រោះមិននឹកស្មានថាពាក្យតែរបស់គេមានន័យថា មកពីក្រ ទើបបាននាងពន្យល់កំលោះ៖
“ហ៊ឺ! គ្រាន់តែក្រគ្មានអ្វីទេ ខំរកស៊ីទៅមានហើយ។ លោក! លោកគិតច្រើនយ៉ាងហ្នឹង កុំគិតច្រើនអី ទោះបីជាគ្រួសារខ្ញុំគឺជាអ្នកមានពិតមែន តែពួកយើងមិនដែលស្អប់អ្នកក្រឡើយ។
រីយាប្រឹងនិយាយបន្ត៖
“គ្រួសារខ្ញុំតែងតែពន្យល់ប្រាប់ថា ស្រលាញ់នរណាគេដែលគេមានគំនិតចេះរកស៊ី ពីព្រោះតែប្រាក់វាកើតក្រោយគំនិតទេ”
ស្តាប់សម្តីនាងរួច ធ្វើឱ្យសន្តិចង់ដឹងជាខ្លាំងណាស់ ទើបគេសួរថា៖
“ហេតុអ្វីក៏អ្នកនាងស្រលាញ់ខ្ញុំ?”
“លោកចង់ដឹងការពិតមែនឬ? តាមពិតគឺខ្ញុំ...”
រីយាមុខក្រហម ពេលឃើញកែវភ្នែករបស់សន្តិសម្លឹងចំមកកាន់វង់ភក្រ្តរបស់នាង។
“ខ្ញុំយ៉ាងម៉េចទៅ?”
“ព្រោះលោកប្រលងជាប់និទ្ទេស A”
“ចុះអ្នកនាងវិញ?”
“ខ្ញុំប្រលងបានត្រឹមតែនិទ្ទេស B តែប៉ុណ្ណោះ។ លោកដឹងដែរទេ លោកប៉ាបន្ទោសខ្ញុំខ្លាំងណាស់ ហេតុអ្វីគ្រាន់តែខំរៀនយកនិទ្ទេសប៉ុណ្ណឹងមិនបាន”
សន្តិសួរបញ្ជាក់៖
“នេះឬជាហេតុផល?”
“ចាស! លោកដឹងទេ លោកជាមនុស្សដែលពូកែខ្លាំងណាស់ វាគួរឱ្យសរសើរខ្លាំងណាស់ ព្រោះខ្ញុំប្រឹងរៀនយ៉ាងណានៅតែមិនបានលទ្ធផលដូចលោកទេ”
សន្តិអង្អែលក្បាលខ្លួនឯង រួចហើយសម្លឹងមើលមុខនាងក្នុងន័យអៀនប្រៀន ព្រោះនាងស្រលាញ់គេដោយហេតុផលមិនសមរម្យទាល់តែសោះ។
“ស្រលាញ់ខ្ញុំ ព្រោះខ្ញុំប្រលងជាប់និទ្ទេស A វាម្យ៉ាងដែរសម្រាប់អ្នកនាង តែខ្ញុំ... ខ្ញុំមិនបានស្រលាញ់អ្នកនាងទេ”
រីយាអន់ចិត្តតែព្យាយាមនិយាយទាំងញញឹមទៅកាន់សន្តិ៖
“អត់ស្រលាញ់ខ្ញុំក៏មិនអីដែរ តែខ្ញុំស្រលាញ់លោក។ ធ្វើជាសង្សារនឹងខ្ញុំបានទេ?”
សន្តិទាល់គំនិតតែម្តងហើយ ប្រាប់ថាមិនបានស្រលាញ់ហើយ នាងបែរជាមកសុំធ្វើជាសង្សារទៅវិញ។ ក្នុងនាមជាសុភាពបុរសម្នាក់មិនចង់ឱ្យនាងខូចចិត្តទេ ទើបវាចាទៅកាន់នាងថា៖
“ខ្ញុំសុំគិតមើលសិនបានទេ ព្រោះខ្ញុំមិនចង់... ខ្ញុំ...”
“លោកយ៉ាងម៉េច?” រីយាគំហក។
“ខ្ញុំត្រូវទៅរៀននៅក្រៅប្រទេស ខ្ញុំគ្មានពេលវេលាសម្រាប់នាងទេ”
“ហើយលោកប្រុងទៅមិនត្រលប់មកវិញទេឬ?”
“ទេ! តែ...”
សន្តិស្ទាក់ស្ទើរមិនហ៊ានស្រដី តែរីយាក៏ជីកសួរទាល់តែបាន។
“មិនចាំបាច់តែទេ ទោះលោកទៅរៀននៅទីណា ក៏ខ្ញុំទៅរកលោកបានដែរ។ លោកទៅរៀនប្រទេសបារាំងមែនទេ?”
“បាទខ្ញុំទៅរៀននៅប្រទេសបារាំង”
“សមត្ថភាពខ្ញុំប៉ុណ្ណឹងដែរ ទោះជាលោករៀននៅទីណា ក៏ខ្ញុំអាចទៅរកលោកបានដែរ”
“តែខ្ញុំមិនអាចស្រលាញ់នាងទេ”
សន្តិស្រាប់តែធ្លោយមាត់និយាយវាសាជាថ្មី ព្រោះតែគេមិនជឿថានាងនឹងរង់ចាំគេទេ។
រីយានិយាយទាំងខឹងដោយលើកហេតុផលថា៖
“ត្រូវហើយ លោកមិនអាចស្រលាញ់ខ្ញុំបានទេ ព្រោះនៅពេលលោកត្រលប់មកពីប្រទេសបារាំងវិញ លោកមានអនាគតភ្លឺស្វាង មានការងារត្រឹមត្រូវ លោកច្បាស់ជាស្រលាញ់នារីផ្សេងដែលល្អជាងខ្ញុំមិនខានទេ”
សន្តិគ្រហឹមហើយនិយាយ៖
“បើសិនជាខ្ញុំមានអនាគតពិតមែន ក្រោយពីត្រលប់មកពីរៀននៅស្រុកបារាំង ខ្ញុំនឹងស្រលាញ់នាង”
“ថាម៉េចស្រលាញ់?” រីយាសួរដោយមិនចង់ជឿ។
“ត្រូវហើយ! តែបើខ្ញុំមិនមានអនាគតភ្លឺស្វាងទេ ខ្ញុំមិនអាចស្រលាញ់នាងបានទេ ព្រោះខ្ញុំមានពាក្យថា ខ្លួនក្រតោងអ្នកមាន”
រីយាស្រែកហ៊ោតែម្នាក់ឯងថា៖
“ខ្ញុំសប្បាយចិត្តណាស់! ខ្ញុំនឹងរង់ចាំលោក”
“បាទអរគុណ!”
នាងហុចបាច់ផ្កាឱ្យកំលោះជាថ្មី៖
“អ៊ីចឹងលោកទទួលយកបាច់ផ្កានេះទៅ!”
“បាច់ផ្កា?”
“នៅមើលមុខដល់ណាទៀត? ឆាប់យកភ្លាមទៅ ព្រោះដល់ពេលដែលខ្ញុំត្រលប់ទៅវិញហើយ។ តើលោកទៅរៀននៅបារាំងនៅពេលណាដែរ?”
“នៅខែក្រោយនេះហើយ”
“លោកទៅរៀនតាមអាហារូបករណ៍អ៊ីចឹង តើនរណាគេចេញថ្លៃចាយវាយឱ្យ? ឱ្យខ្ញុំជួយលោកថ្លៃការចាយវាយទេ?”
“មិនចាំបាច់ទេ ព្រោះអាហារូករណ៍នោះគេចេញថ្លៃចាយវាយទាំងអស់”
“ចុះលោកទៅបែបហ្នឹង មិននឹកប៉ាម៉ាក់ទេឬ?”
សន្តិមុខស្រពោនមុនឆ្លើយសំណួរនាង៖
“អត់ទេ! ព្រោះពួកគាត់បានស្លាប់ចោលខ្ញុំអស់ហើយ។ ខ្ញុំកំព្រាពុកម៉ែតាំងពីនៅក្មេង ហើយត្រូវព្រះសង្ឃយកមកចិញ្ចឹម”
“ខ្ញុំសុំទោសដែលនិយាយរឿងហ្នឹង!”
“មិនអីទេ”
“ខ្ញុំលាលោកសិនហើយណាព្រោះខ្ញុំមិនចង់នៅងងឹតទេ ខ្លាចប៉ាបារម្ភ”
“បាទសំណាងល្អណា!”
ស្តីចប់នាងក៏ដើរត្រលប់ទៅវិញ ទុកឱ្យកំលោះសន្តិសម្លឹងមើលបាច់ផ្កាដែលនាងឱ្យគេក្នុងអារម្មណ៍រំភើបបំផុត ព្រោះមិនធ្លាប់នឹកស្មានឡើយថានាងស្រលាញ់គេ ទាំងដែលគេក៏លួចមានចិត្តឱ្យនាងកន្លងមកជាយូរមកហើយ។
ព្រលានយន្តហោះ
នារីម្នាក់ប្រឹងរត់ផង ស្រែកផង៖
“លោក! លោក! លោកសន្តិ លោក!”
សន្តិងាកមើលលាន់មាត់និយាយ៖
“អ្នកនាង តើទៅណាហ្នឹង?”
រីយានិយាយទាំងហត់ថា៖
“ខ្ញុំមកជូនដំណើរលោក! លោកចិត្តដាច់ខ្លាំងណាស់ ហេតុអ្វីចេញដំណើរមិនប្រាប់ខ្ញុំផង?”
“ខ្ញុំចង់ប្រាប់ដែរ តែមិនដឹងថាប្រាប់អ្នកនាងតាមណា។ អ្នកនាងវីរីយាក៏ដឹងដែរថា ផ្ទះរបស់នាងធំប៉ុនណា? ត្រឹមដើរនៅខាងក្រៅរបងមិនអាចមើលឃើញដំបូលផ្ទះរបស់នាងផង”
“ហ៊ឺ! លោកនេះ មើលនិយាយទៅ បើលោកចង់ប្រាប់ខ្ញុំមែន មិនចាំបាច់ទៅដល់ផ្ទះទេ ម៉េចមិនទៅជួបខ្ញុំនៅសាលាបញ្ញាសាស្រ្ត។ ខ្ញុំតែងតែទៅរៀននៅទីនោះរាល់ល្ងាច”
“ខ្ញុំ...”
“មែនហើយ! លោកមិនអាចទៅរកខ្ញុំបានទេ ព្រោះលោកបានទៅរៀននៅក្រៅប្រទេសអ៊ីចឹង លោកមិនចង់និយាយរកខ្ញុំទេ”
“មិនមែនបែបហ្នឹងទេ!”
“លោកធ្លាប់និយាយថា នៅពេលលោកមានអនាគតល្អ មានការងារត្រឹមត្រូវ លោកនឹងស្រលាញ់ខ្ញុំ”។
រីយាធ្លាក់ទឹកមុខនិយាយបន្ត៖
“តែនេះវាបានបង្ហាញហើយ វាមិនមែនជាការពិតទេ ព្រោះគ្រាន់តែថ្ងៃលោកចេញដំណើរទៅក្រៅប្រទេសចុងក្រោយ ក៏លោកមិនប្រាប់ខ្ញុំដែរ”
“កុំគិតបែបហ្នឹងអី!”
“លោកប្រហែលជាទៅស្រលាញ់នារីផ្សេង ដែលគេស្អាតជាងខ្ញុំ”
“ខ្ញុំមិនដែលគិតថាមាននរណាស្អាតជាងនាងទេ តែមិនមែនជាពេលនេះទេ”
“ហេតុអ្វី?”
“ព្រោះខ្ញុំនៅក្រនៅឡើយ ខ្ញុំមិនអាចមើលឃើញនរណាបានទេ។ ចាំខ្ញុំសិនណា!”
“ថាម៉េចចាំលោក? ខ្ញុំរំភើបខ្លាំងណាស់”
“តែខ្ញុំគិតថា នាងកុំចាំខ្ញុំអី ពីព្រោះថាមានបុរសល្អៗជាច្រើនចាំស្រលាញ់នាង អ៊ីចឹងនាងកុំចំណាយចិត្តនឹកដល់ខ្ញុំអី។ មិនចាំបាច់ចាំខ្ញុំទេ!”
“អត់ទេ! ខ្ញុំអាចចាំបាន នៅពេលខ្ញុំនឹកលោក ខ្ញុំនឹងជិះយន្តហោះទៅរកលោក លោកកុំភ្លេចពាក្យសន្យាណា!”
“សន្យា? ខ្ញុំសន្យាអ្វីជាមួយនាង?”
“គឺលោកសន្យាថា នៅពេលលោកមានអនាគតល្អ មានការងារធ្វើត្រឹមត្រូវ លោកនឹងស្រលាញ់ខ្ញុំ”
“ហេតុអ្វីក៏ស្រលាញ់ខ្ញុំ?”
“ព្រោះលោករៀនបាននិទ្ទេស A នោះអី”
“អរគុណណា! តែពេលនេះខ្ញុំត្រូវឡើងយន្តហោះហើយ។ អ៊ីចឹងខ្ញុំលានាងសិនហើយណា”
“ចាសសូមលោកសំណាងល្អ! ខ្ញុំនឹងចាំលោក”
“សំណាងល្អណាវីរីយា!”
“ចាស”។