របៀន​ងងឹត​

របៀន​ងងឹត​


ប្រទេស​បារាំង​ជា​ទឹកដី​ស៊ីវិល័យ​មួយ​ក្នុង​​ក្រសែ​ភ្នែក​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ ឯ​រឿង​មន្ត​អាគម​អូមអាម​រឹត​តែ​ហួស​សម័យ​នឹង​ជឿ​ទៅ​ទៀត។ ប៉ុន្តែ​ដូច​ពាក្យ​ចាស់​ពោល​ថា​ អាគម​ផ្សំ​អាយូស ដែល​មាន​ន័យ​ថា​វិជ្ជា​មន្ត​អាគម​មិន​បាន​បាត់​សូន្យ​ចេញ​ពី​ពិភព​លោក​នេះ​នៅ​ឡើយ​ទេ​ ទោះ​បី​នេះ​ជា​សម័យ​បច្ចេកវិទ្យា ឬ ស្ថិត​លើ​ទឹក​ដី​អភិវឌ្ឍន៍​ដូច​បារាំង​ក៏​ដោយ។

នេះ​ជា​រឿងរ៉ាវ​ថ្មី​មួយ​របស់​នារី​ខ្មែរ​ម្នាក់​​ឈ្មោះ​ឡានី​ ដែល​បាន​រៀបការ​ជាមួយ​នឹង​អាណិកជន​ខ្មែរ​បារាំង ហើយ​បាន​ទៅ​រស់​នៅ​ទឹក​ដី​ថ្មី​នោះ​តាម​ស្វាមី​ពេញ​ច្បាប់​របស់​នាង។ នៅ​យប់​ដំបូង​ដែល​នាង​បាន​ទៅ​ដល់​គេហដ្ឋាន​ស្វាមី​ នាង​ហាក់​ដូច​ជា​ប្លែក​ចិត្ត​នឹង​ម៉ូដ​ផ្ទះ​ ដែល​ប្រៀប​ដូច​ជា​វិមាន​បុរាណ​មួយ​ឈរ​សំកាំង​ក្នុង​សង្កាត់​ ​Le Maraia នៃ​ទី​ក្រុង​ប៉ារីស។

ក្រៅ​ពី​នេះ​នៅ​មាន​រឿង​ប្លែក​ៗ​ជា​ច្រើន​ទៀត​ដែល​បាន​កើត​ឡើង​លើ​នារី​ខ្មែរ​ដ៏​សុភាព​ម្នាក់​នេះ។ អ្នក​បម្រើ​នៅ​ទី​នោះ​មិន​ចង់​និយាយ​ស្ដី​ដាក់​នាង​ឡើយ​ ស្ទើរ​តែ​មួយ​អាទិត្យ​ រាត្រី​ទឹក​ឃ្មុំ​របស់​នាង​និង​ស្វាមី​តែង​តែ​ខកខាន​ ដោយ​សារ​នាង​តែងតែ​គេង​លក់​មុន​ម៉ោង​កំណត់​ នាង​គេង​លក់​មិន​រើស​ពេល​ឡើយ​​មិន​ថា​ពេល​យប់​ឬ​ក៏​ថ្ងៃ។

មិន​តែ​ប៉ុណ្ណោះ​​នាង​ថែម​ទាំង​បាន​យល់​សប្ដិ​ឃើញ​មនុស្ស​ស្រី​ម្នាក់​ ស្ទើរ​ខ្មោច​ស្ទើរ​មនុស្ស​ ពីរ​បី​យប់​ជាប់​ៗ​គ្នា... ក្លិន​ផ្កា​ក៏​រសាត់​ចេញ​ពី​បន្ទប់​នៃ​ជាន់​ទី​បី​​ដែល​ស្វាមី​របស់​នាង​ហាម​ហើយ​​ហាម​ទៀត​ថា​ កុំ​ទៅ​បន្ទប់​នោះ​ឱ្យ​សោះ។

អ្វីៗ​ដែល​បាន​កើត​ឡើង​ធ្វើ​ឱ្យ​ចិត្ត​នាង​វិលវល់​ វិមាន​នេះ​ហាក់​ដូច​ជា​អាថ៌កំបាំង​ពេក​ហើយ​ សូម្បី​តែ​នាង​ខ្លួន​​ឯង​ក៏​មិន​អាច​បញ្ជា​ខ្លួន​ឯង​ចេញ​ពី​ការ​គេង​ដ៏​ទ្រមក់​នេះ​ដែរ...។