របៀនងងឹត
ប្រទេសបារាំងជាទឹកដីស៊ីវិល័យមួយក្នុងក្រសែភ្នែកមនុស្សនៅជុំវិញពិភពលោក ឯរឿងមន្តអាគមអូមអាមរឹតតែហួសសម័យនឹងជឿទៅទៀត។ ប៉ុន្តែដូចពាក្យចាស់ពោលថា អាគមផ្សំអាយូស ដែលមានន័យថាវិជ្ជាមន្តអាគមមិនបានបាត់សូន្យចេញពីពិភពលោកនេះនៅឡើយទេ ទោះបីនេះជាសម័យបច្ចេកវិទ្យា ឬ ស្ថិតលើទឹកដីអភិវឌ្ឍន៍ដូចបារាំងក៏ដោយ។
នេះជារឿងរ៉ាវថ្មីមួយរបស់នារីខ្មែរម្នាក់ឈ្មោះឡានី ដែលបានរៀបការជាមួយនឹងអាណិកជនខ្មែរបារាំង ហើយបានទៅរស់នៅទឹកដីថ្មីនោះតាមស្វាមីពេញច្បាប់របស់នាង។ នៅយប់ដំបូងដែលនាងបានទៅដល់គេហដ្ឋានស្វាមី នាងហាក់ដូចជាប្លែកចិត្តនឹងម៉ូដផ្ទះ ដែលប្រៀបដូចជាវិមានបុរាណមួយឈរសំកាំងក្នុងសង្កាត់ Le Maraia នៃទីក្រុងប៉ារីស។
ក្រៅពីនេះនៅមានរឿងប្លែកៗជាច្រើនទៀតដែលបានកើតឡើងលើនារីខ្មែរដ៏សុភាពម្នាក់នេះ។ អ្នកបម្រើនៅទីនោះមិនចង់និយាយស្ដីដាក់នាងឡើយ ស្ទើរតែមួយអាទិត្យ រាត្រីទឹកឃ្មុំរបស់នាងនិងស្វាមីតែងតែខកខាន ដោយសារនាងតែងតែគេងលក់មុនម៉ោងកំណត់ នាងគេងលក់មិនរើសពេលឡើយមិនថាពេលយប់ឬក៏ថ្ងៃ។
មិនតែប៉ុណ្ណោះនាងថែមទាំងបានយល់សប្ដិឃើញមនុស្សស្រីម្នាក់ ស្ទើរខ្មោចស្ទើរមនុស្ស ពីរបីយប់ជាប់ៗគ្នា... ក្លិនផ្កាក៏រសាត់ចេញពីបន្ទប់នៃជាន់ទីបីដែលស្វាមីរបស់នាងហាមហើយហាមទៀតថា កុំទៅបន្ទប់នោះឱ្យសោះ។
អ្វីៗដែលបានកើតឡើងធ្វើឱ្យចិត្តនាងវិលវល់ វិមាននេះហាក់ដូចជាអាថ៌កំបាំងពេកហើយ សូម្បីតែនាងខ្លួនឯងក៏មិនអាចបញ្ជាខ្លួនឯងចេញពីការគេងដ៏ទ្រមក់នេះដែរ...។