កំហឹងអារក្ស
មានអ្នកជំនួញដ៏មានទ្រព្យស្ដុកស្ដម្ភម្នាក់ ជិះសេះត្រលប់មកផ្ទះវិញ នៅតាមផ្លូវ ដោយនឹករលឹកប្រពន្ធកូនខ្លាំងពេក គាត់ក៏សម្រេចចិត្តបញ្ជាអាជានេយ្យធ្វើដំណើរតាមផ្លូវកាត់ ដើម្បីឱ្យឆាប់ដល់ទាន់តាមចិត្តនឹករលឹក។ នៅតាមច្រកផ្លូវកាត់នោះ គាត់បានជួបនឹងអារក្សកំណាច ហើយក៏ធ្វើកំហុសអចេតនាមួយយ៉ាងធំ គឺបានជ្រុលដៃធ្វើឱ្យកូនរបស់អារក្សស្លាប់បង់ជីវិត។
អារក្សក្រោធខឹងនឹងបុរសនេះខ្លាំងណាស់ ក៏ផុសរូបកាយឡើងមកពោលសម្ដីគំហកទាំងកំហឹងដាក់អ្នកជំនួញឯកានេះ ដោយប្ដេជ្ញាសម្លាប់នាយសងសឹកជូនកូនជាទីស្រលាញ់របស់ខ្លួន។ ប៉ុន្តែដោយសេចក្ដីអង្វរករនិងវាចាដ៏គួរជាទីទុកចិត្ត អារក្សក៏កើតអារម្មណ៍យោគយល់ដល់បុរសម្នាក់នេះ ដោយឱ្យនាយធ្វើដំណើរបន្តទៅជួបប្រពន្ធកូន និងចាត់ចែងលើទ្រព្យសម្បត្តិឱ្យបានរួចចប់សព្វគ្រប់ ហើយត្រូវវិលខ្លួន មកទទួលយកសេចក្ដីស្លាប់នៅទីនេះវិញដដែល។ ប្រសិនបើមិនធ្វើតាមខសន្យានេះនោះទេ គ្រួសារនាយពាណិជ្ជករនឹងត្រូវជួបគ្រោះភ័យ ក្ស័យជីវិតទាំងអស់គ្នាជាមិនខាន។