ឧសភា​ស្នេហា

ឧសភា​ស្នេហា


ឧសភរាសីៈ ភាគច្រើន​មនុស្ស​​ដែល​កើត​ក្នុង​ខែ​ឧសភា ច្រើន​មាន​អត្ត​ចរិត​ដូចជា​ខែ​ឧសភា​ដែរ​។ ខែ​ឧសភា​ទោះជា​ខែ​ក្ដៅ ​តែ​ក៏​មាន​ភ្លៀង​ធ្លាក់​ខ្លះ​ៗ ធ្វើ​ឱ្យ​​បរិយាកាស​មិន​ក្ដៅ​​ជ្រុល​ពេក មនុស្ស​ដែល​កើត​ក្នុង​ខែ​ឧសភា​ក៏​ដូចគ្នា​ ពួកគេ​ពេល​ខ្លះ​មើល​ទៅ​ដូចជា​ឆេវឆាវ តែ​ស្រប​ពេល​តែ​មួយ​នោះ​ដែរ​ ពួក​គេក៏​អាច​ជា​អ្នក​ដែល​មានចិត្ត​ត្រជាក់​ហើយក៏​ស្ងប់ស្ងាត់​។

បុគ្គល​ដែល​កើត​ក្នុង​ខែ​នេះ ចូលចិត្ត​ធ្វើ​អ្វីមួយ​អា​ស្រ័យ​លើ​ការ​ចូលចិត្ត​ផ្ទាល់ខ្លួន ពួកគេ​ច្រើន​សម្ងំ​ក្នុង​ពិភព​របស់​ខ្លួន​ ជាជាង​ចេញទៅ​ជួប​នឹង​ភាព​រញ៉េរញ៉ៃ​នៅ​ខាងក្រៅ ហើយ​ព្រោះ​ជា​មនុស្ស​ដែល​ចូលចិត្ត​ធ្វើ​អ្វី​មិន​ដូច​អ្នកដទៃ ទើប​ពេល​ខ្លះ​ត្រូវ​យល់​ច្រឡំ​ថា​ជា​មនុស្ស​ចម្លែក​។ មនុស្ស​ពួក​នេះ​ចូលចិត្ត​ភាព​ផ្ចាញ់​ផ្ចាល ហើយ​ក៏​ចូលចិត្ត​ធ្វើ​រឿង​​​ដែល​នឹកស្មាន​មិន​ដល់ សុំ​ត្រឹមតែ​គេ​ត្រូវ​ចិត្តនឹង​របស់​អ្វី​ហើយ​ ក៏​តែងតែ​ប្រឹង​ប្រែង​យក​វា​ឱ្យ​​បាន កាន់តែ​ពិបាក​យក​ក៏​កាន់តែ​ចង់បាន​។

ពួកគេ​ជា​មនុស្ស​ដែល មិន​ងាយ​ដាក់ចិត្ត​ស្រឡាញ់​អ្នកណា​ងាយ​នោះ​ទេ តែ​បើ​ស្រឡាញ់​ហើយ​ គេ នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​យក​អ្នក​នោះ​ឱ្យ​​បាន ឬ​មិន​អ៊ីចឹង​ ​ក៏​បង្ហាញ​ឱ្យ​​គ្រប់គ្នា​ដឹង​ថា​នោះ​ជា​របស់​គេ ។​ទោះជា​ពួកគេ​ជា មនុស្ស​ចូលចិត្ត​គិត​និង​ស្រមើស្រមៃ ​តែ​មិន​ធ្លាប់​ទុក​ឱ្យ​​ខ្លួនឯង​ត្រាំត្រែង​ក្នុង​អតីតកាល ហើយ​មនុស្ស​ពួក​នេះ​ជា​អ្នក​ដែល​ពូកែ​យល់​ពី​អ្នកដទៃ​ ដោយ​គ្រាន់តែ​មើល​ភ្នែក​គេ​ប៉ុណ្ណោះ​។ ភាគច្រើន​អ្នក​កើត​ខែ​នេះ​ សាក​សម​ក្នុង​ការ​ធ្វើ​ជា​គ្រូ​បង្រៀន អ្នក​សិល្បៈ អ្នកនិពន្ធ​ឬក៏​ជា​ចិត្តវិទូ ព្រោះ​ពួកគេ​ជា​ប្រភេទ​អ្នក​ដែល​ចូលចិត្ត​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​ និង​ចាប់អារម្មណ៍​បំផុត​ទៅ​លើ​សិល្បៈ និង​ក្ដី​ស្រឡាញ់​របស់​មនុស្ស​។​