ភ្លឹក

ភ្លឹក


អ្នក​ទាំង​អស់​គ្នា​ដែល​ឮ​ចាស់ៗ​និយាយ​ពី​ការ​ភ្លឹក​ដែល​ដូច​ជា​ស្លាប់​ដែរ​ឬ​ទេ? សូម​ប្រាប់​ថា​ខ្ញុំ​ជឿ​មួយ​រយ​ភាគរយ ព្រោះ​រឿង​នេះ​បាន​កើត​ជាមួយ​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ប៊ិះ​និង​ត្រូវ​គេ​យក​ទៅ​ដុត​បាត់​ទៅ​ហើយ​ ព្រោះ​ម្នាក់ៗ​គិត​ថា​ខ្ញុំ​ស្លាប់។ ខាង​ក្រោយ​នេះ​គឺ​ជា​រឿងរ៉ាវ​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់ខ្ញុំ។ នេះ​ខ្ញុំ​សរសេរ​ឡើង​ទាំង​នៅ​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច​នៅ​ឡើង ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង។ សូម​បញ្ជាក់​ថា​កុំ​គិត​ថា​វា​ជា​ការ​និពន្ធ​អី តែ​សូវ​ពិចារណា​ពី​ធាតុ​ខាង​ក្នុង​និង​ធាតុ​ខាង​ក្រៅ​វិញ។


គេង​មិន​លក់! បែក​គំនិត​រវើរវាយ​ច្រើន ប្រហែល​ជា​ត្រូវ​រក​អ្នក​ចិត្តសាស្ត្រ​ព្យាបាល​ហើយ​ខ្ញុំ។ បើ​គេ​តម្រូវ​ឱ្យ​យក​ពន្ធ​លើ​គំនិត​រវើរវាយ​ ប្រហែលជា​ខ្ញុំ​ត្រូវ​ធ្លាក់​ខ្លួន​ក្រ​រហូត​ក្លាយ​អ្នក​ដើរ​សុំទាន​ផង​ក៏​មិន​ដឹង បើ​មួយ​ថ្ងៃៗ​អារម្មណ៍​មិន​ដឹង​ជា​ហោះហើរ​ទៅ​ដល់​ណា​ទេ។ អ្នក​ណា​ខ្លះ​ចង់​ក្លាយជា​អ្នក​និពន្ធ? ខ្ញុំ​មិន​ចង់​ទេ! តែ​ទាយាទ​ជា​អ្នក​និពន្ធ​វា​តោង​ជាប់​មក​ជាមួយ​មិន​ដឹង​ជា​តាំង​ពី​ជាតិ​ណា​មក​ទេ។ ធុញ! ធុញ! បាន​ចេះ​សរសេរ ចេះ​តែង​កំណាព្យ​បន្តិចបន្តួច មហា​មិត្ត​វា​នាំ​គ្នា​ពឹង​អើយ​ពឹង​ បន្តិច​វា​ថា​តែង​នេះ​ឱ្យ​បន្តិច​មក​វ៉ីយ បន្តិច​វា​ថា​និពន្ធ​នោះ​ឱ្យ​បន្តិច​មក​វ៉ីយ។ មាន​អា​សំឡាញ់​ដុះ​ស្លែ​មួយ​នោះ​ ឈ្មោះ​អា​ខ្មើក! វា​ឱ្យ​តែង​កំណាព្យ​ពី​ខ្មោច​តៃហោង។ លោក​បង​ខ្មើក គាត់​ថា គ្រូ​គាត់​ដាក់​កិច្ចការ​ឱ្យ​ធ្វើ​ មិន​ដឹង​ជា​កិច្ចការ​អី​ទេ ដូច​ខ្វះ​ប្រធានបទ​ណាស់​អ៊ីចឹង។ ឯង​ដូរ​ផ្ទះ​មក​នៅ​ដល់​ណា​ណី​ទៅ​ហើយ​ វា​នៅ​ឆាត​មក​ពឹង​ឯង​ទៀត…