កំណត់ហេតុ ​ខ្ញុំ​ស្អប់​ប៉ា

កំណត់ហេតុ ​ខ្ញុំ​ស្អប់​ប៉ា


ផ្ទះ​ខ្ទម​ប្រក់​ស្បូវ​ធ្លាក់​សំយាប​រយាក​ប្រប​មាត់​ទឹក…សន្ទូង​ខៀវខ្ចី​អម​ដោយ​គុម្ព​ស្មៅ​ទាំង​គុម្ព​ៗ​សន្ធឹង​លាត​តាម​បណ្ដោយ​ភ្លឺ​ស្រែ​ចែក​ជា​ក្រឡាចត្រង្គ​ដាច់​កន្ទុយ​ភ្នែក។ កុមារ​ម្នាក់​ស្លៀក​ខោ​ស្ទើរ​ជើង​មិន​ពាក់​អាវ​បញ្ចេញ​ក្បាល​ពោះ​ប៉ោង​កំផ្លេស ជាប់​ដី​ស្រមក កំពុង​ជិះ​លើ​ខ្នង​ក្របី ដៃ​ម្ខាង​កាន់​ខ្សែ​តី ដៃ​ម្ខាង​កាន់​ខ្សែ​ក្របី​ កិរិយា​ដូច​ជា​គ្មាន​ខ្វល់​រឿង​អ្វី​សោះ។ ខ្នង​ភ្នំ​ស្មើ​ទ្រវែង​ដែល​កំពុង​តែ​ធ្វើ​ជា​ខ្នល់ខ្នើយ​ដល់​ដុំ​អគ្គី​យក្ស​ក៏​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្មេង​ឃ្វាល​ក្របី​ដែរ។ កុកស​ប្រចៀវ​ខ្មៅ​ហើរ​សំដៅ​រក​ទ្រនំ​ស្រប​ពេល​ដែល​ពូ​ម្នាក់​ក៏​កំពុង​តែ​លី​នង្គ័ល​សំដៅ​ផ្ទះ​ស្បូវ​ច្រមក់​នោះ។…ទាំង​នេះ​សុទ្ធ​តែ​ជា​របស់​ដែល​ខ្ញុំ​បាន​ត្រឹមតែ​ឃើញ​នៅ​ក្នុង​ផ្ទាំង​គំនូរ​នា​ពេល​កន្លង​មក​ គឺ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​មាន​លុយ​ច្រើន នៅ​មាន​អ្នក​អែបអប ​និង​ពេល​នៅ​ពុករលួយ…។

តែ​ខណៈ​នេះ​ទេសភាព​ទាំង​នេះ បាន​ប្រាកដ​ខ្លួន​នៅ​នឹង​មុខ​ខ្ញុំ​ជាក់ស្ដែង​ហើយ​ ជា​របស់​ពិត​ដែល​មិន​ល្អ​ត្រឹមតែ​ការ​ស្ទាប​និង​ការ​មើល​នោះ​ទេ តែ​ជា​របស់​ដែល​ល្អ​ទាំង​ក្លិន​ទៀត។ ម៉្យាង​ដែរ​ជីវិត! ខំ​ពុក​រលួយ​ប្រហែល​សាមសិប​ឆ្នាំ ខំ​សន្សំ​លុយ​បាន​រាប់​លាន​ដុល្លារ​តែ​បែរ​ជា​មក​រក​ន័យ​ជីវិត​ឃើញ​នៅ​កណ្ដាល​ស្រែ​ទៅ​វិញ។ ពេល​នេះ​ខ្ញុំ​ហាក់​មាន​ច្រើន​ជាង​មុន មាន​សុភមង្គល មាន​សេរីភាព…ធ្វើ​អ្នក​ក្រ អត់​អ្នក​អែបអប អត់​អ្នក​កាច់កុង….។ ខ្ញុំ​ងាក​ដក​ខ្លួន​ពី​ទេសភាព​ស្រុកស្រែ​ដែល​ល្អ​ដូច​ផ្ទាំង​គំនូរ​នោះ​មក​វិញ ជើង​ទាំង​គូ​ក៏​បោះ​ជំហាន​ទៅ​មុខ សំដៅ​ទៅ​តុ​ឈើ​តូច​មួយ​ក្បែរ​មាត់​បង្អួច។ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​មក​អង្គុយ​លើ​កៅអី​នេះ​ដោយ​សារ​អ្វី​នោះ​ទេ​… តែ​រំពេច​នោះ​ខ្ញុំ​បាន​ដឹង​ថា​ ខ្ញុំ​ចង់​អាន​ពី​កំណត់​ហេតុ​របស់​ខ្ញុំ ជា​កំណត់​ហេតុ​កាល​ពី​ជាង​សាមសិប​ឆ្នាំ​មុន។ គឺ​តាំង​ពី​ជំនាន់​ខ្ញុំ​នៅ​អាយុ​ជាង​ដប់​ឆ្នាំ​ម្លេះ។ មាន​គេ​ម្នាក់​ដើរ​មក​រក​ខ្ញុំ ដើរ​មក​យ៉ាង​ស្ងប់ស្ងាត់ ទាំង​គ្មាន​សន្ធឹក​ជើង​ គ្មាន​រូបរាង តែ​ខ្ញុំ​ស្គាល់​ច្បាស់​ថា​គេ​ជា​នរណា គេ​មក​ដល់​ហើយ គេ​ប៉ះ​សាច់​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំ​ព្រឺ…តែ​ខ្ញុំ​មិន​ខ្លាច​ទេ… គេ​ញញឹម​ដាក់​ខ្ញុំ… រួច​សួរ​ខ្ញុំ​ថា «លុយ​អាច​ទិញ​អ្វី​បាន»? លុយ​ឯង​កាល​ពី​នៅ​ពុករលួយ​នោះ​អាច​ទិញ​អ្វី​បាន​ខ្លះ? ខ្ញុំ​មិន​ឆ្លើយ​ទេ តែ​ខ្ញុំ​ទាញ​សៀវភៅ​កំណត់​ហេតុ​របស់​ខ្ញុំ​មក​មើល​ ជា​កំណត់​ហេតុ​ដែល​មាន​ក្រដាស​ពណ៌​លឿង របេះ​គែម​ដុំៗ…។