កំណត់ហេតុ ខ្ញុំស្អប់ប៉ា
ផ្ទះខ្ទមប្រក់ស្បូវធ្លាក់សំយាបរយាកប្របមាត់ទឹក…សន្ទូងខៀវខ្ចីអមដោយគុម្ពស្មៅទាំងគុម្ពៗសន្ធឹងលាតតាមបណ្ដោយភ្លឺស្រែចែកជាក្រឡាចត្រង្គដាច់កន្ទុយភ្នែក។ កុមារម្នាក់ស្លៀកខោស្ទើរជើងមិនពាក់អាវបញ្ចេញក្បាលពោះប៉ោងកំផ្លេស ជាប់ដីស្រមក កំពុងជិះលើខ្នងក្របី ដៃម្ខាងកាន់ខ្សែតី ដៃម្ខាងកាន់ខ្សែក្របី កិរិយាដូចជាគ្មានខ្វល់រឿងអ្វីសោះ។ ខ្នងភ្នំស្មើទ្រវែងដែលកំពុងតែធ្វើជាខ្នល់ខ្នើយដល់ដុំអគ្គីយក្សក៏នៅមិនឆ្ងាយប៉ុន្មានពីក្មេងឃ្វាលក្របីដែរ។ កុកសប្រចៀវខ្មៅហើរសំដៅរកទ្រនំស្របពេលដែលពូម្នាក់ក៏កំពុងតែលីនង្គ័លសំដៅផ្ទះស្បូវច្រមក់នោះ។…ទាំងនេះសុទ្ធតែជារបស់ដែលខ្ញុំបានត្រឹមតែឃើញនៅក្នុងផ្ទាំងគំនូរនាពេលកន្លងមក គឺនៅពេលដែលខ្ញុំនៅមានលុយច្រើន នៅមានអ្នកអែបអប និងពេលនៅពុករលួយ…។
តែខណៈនេះទេសភាពទាំងនេះ បានប្រាកដខ្លួននៅនឹងមុខខ្ញុំជាក់ស្ដែងហើយ ជារបស់ពិតដែលមិនល្អត្រឹមតែការស្ទាបនិងការមើលនោះទេ តែជារបស់ដែលល្អទាំងក្លិនទៀត។ ម៉្យាងដែរជីវិត! ខំពុករលួយប្រហែលសាមសិបឆ្នាំ ខំសន្សំលុយបានរាប់លានដុល្លារតែបែរជាមករកន័យជីវិតឃើញនៅកណ្ដាលស្រែទៅវិញ។ ពេលនេះខ្ញុំហាក់មានច្រើនជាងមុន មានសុភមង្គល មានសេរីភាព…ធ្វើអ្នកក្រ អត់អ្នកអែបអប អត់អ្នកកាច់កុង….។ ខ្ញុំងាកដកខ្លួនពីទេសភាពស្រុកស្រែដែលល្អដូចផ្ទាំងគំនូរនោះមកវិញ ជើងទាំងគូក៏បោះជំហានទៅមុខ សំដៅទៅតុឈើតូចមួយក្បែរមាត់បង្អួច។ ខ្ញុំមិនដឹងថាខ្ញុំមកអង្គុយលើកៅអីនេះដោយសារអ្វីនោះទេ… តែរំពេចនោះខ្ញុំបានដឹងថា ខ្ញុំចង់អានពីកំណត់ហេតុរបស់ខ្ញុំ ជាកំណត់ហេតុកាលពីជាងសាមសិបឆ្នាំមុន។ គឺតាំងពីជំនាន់ខ្ញុំនៅអាយុជាងដប់ឆ្នាំម្លេះ។ មានគេម្នាក់ដើរមករកខ្ញុំ ដើរមកយ៉ាងស្ងប់ស្ងាត់ ទាំងគ្មានសន្ធឹកជើង គ្មានរូបរាង តែខ្ញុំស្គាល់ច្បាស់ថាគេជានរណា គេមកដល់ហើយ គេប៉ះសាច់ខ្ញុំ ធ្វើឱ្យខ្ញុំព្រឺ…តែខ្ញុំមិនខ្លាចទេ… គេញញឹមដាក់ខ្ញុំ… រួចសួរខ្ញុំថា «លុយអាចទិញអ្វីបាន»? លុយឯងកាលពីនៅពុករលួយនោះអាចទិញអ្វីបានខ្លះ? ខ្ញុំមិនឆ្លើយទេ តែខ្ញុំទាញសៀវភៅកំណត់ហេតុរបស់ខ្ញុំមកមើល ជាកំណត់ហេតុដែលមានក្រដាសពណ៌លឿង របេះគែមដុំៗ…។