ផ្ទះ​ចាស់

ផ្ទះ​ចាស់


នា​រាត្រី​ពេញបូណ៌មី​ពន្លឺ​ព្រះចន្ទ​កំពុង​ចាំង​ឆ្លុះ​កម្ចាត់​ផ្ទៃ​អន្ធការ​ឱ្យ​រសាត់​ឆ្ងាយ​បន្សល់​នូវ​សំឡេង​ឆ្កែ​លូ​ទ្រហឹង​អឺងកង​រួម​នឹង​សំឡេង​ខ្លែងស្រាក​បង្អូស​យ៉ាង​វែង​អន្លាយ​គួរ​ឱ្យ​ព្រឺ​ខ្នង។ ម៉ោង ១២ រំលង​អធ្រាត្រ​ ខ្ញុំ​ដេក​មិន​លក់​សោះ……. តក់ តក់ តក់……. សំឡេង​អ្វី​ម្យ៉ាង​ដូចជា​ទឹក​ស្រក់​! ខ្ញុំ​ដើរ​ទៅ​បើក​បង្អួច​គ្មាន​ឃើញ​ភ្លៀង​សោះ​ តែ​ហេតុ​អី​ក៏​មាន​ទឹក​ស្រក់ ខ្ញុំ​ក៏​បិទ​បង្អួច​ហើយ​ដើរ​មក​គ្រែ​ខ្ញុំ​វិញ​ស្រាប់​តែ……. ង៉ាវ…….(ខ្ញុំ​ភ្ញាក់​ព្រើត​)

ឆ្មា​ខ្មៅ​ធំ​មួយ​ធ្លាក់​ពី​ដំបូល​មក​លើ​គ្រែ​ខ្ញុំ ខ្ញុំ​ប្រញាប់​រក​អ្វី​ម្យ៉ាង​ដើម្បី​ដេញ​វា​ចេញ​ នៅ​ជិត​ដៃ​ខ្ញុំ​មាន​អំបោស​មួយ​ ខ្ញុំ​លើក​អំបោស​បម្រុង​វាយ​វា តែ​រំពេច​នោះ​ទៀន​ក៏​រលត់។ ងងឹត ងងឹត​ណាស់​! ខ្ញុំ​រាវ​រក​ដែក​កេះ រាវៗ​ខ្ញុំ​ក៏​បាន​ប៉ះ​អ្វី​ម្យ៉ាង​ត្រជាក់​ៗ​ស្រេប​ដូច​ទឹកកក ខ្ញុំ​ភ្ញាក់​ក្រញាង​រហូត​អុក​គូទ​ទៅ​ក្រោយ ពេល​ដែល​ខ្ញុំ​ដួល​ដៃ​របស់​ខ្ញុំ​ក៏​សង្កត់​លើ​ដែក​កេះ​ដែល​វា​បាន​ជ្រុះ​ពេល​ដែល​ខ្ញុំ​ទៅ​បិទ​បង្អួច​… ខ្ញុំ​អុជ​ដែក​កេះ​បំភ្លឺ​ឡើង ឆ្មា​រត់​បាត់​ស្រមោល​ នៅ​លើ​តុ​មាន​ធុង​ទឹកកក​មួយ​ដែល​ខ្ញុំ​បាន​ដាក់​វា​កាល​ពី​ក្បាល​ព្រលប់​។ ខ្ញុំ​អស់​សំណើច​នឹង​ខ្លួន​ឯង……. ខ្ញុំ​ឡើង​ទៅ​លើ​គ្រែ ហើយ​ចាប់​សៀវភៅ​មួយ​មក​អាន……. ទៀន​ក៏​រលត់​ជា​លើក​ទីពីរ