ផ្ទះចាស់
នារាត្រីពេញបូណ៌មីពន្លឺព្រះចន្ទកំពុងចាំងឆ្លុះកម្ចាត់ផ្ទៃអន្ធការឱ្យរសាត់ឆ្ងាយបន្សល់នូវសំឡេងឆ្កែលូទ្រហឹងអឺងកងរួមនឹងសំឡេងខ្លែងស្រាកបង្អូសយ៉ាងវែងអន្លាយគួរឱ្យព្រឺខ្នង។ ម៉ោង ១២ រំលងអធ្រាត្រ ខ្ញុំដេកមិនលក់សោះ……. តក់ តក់ តក់……. សំឡេងអ្វីម្យ៉ាងដូចជាទឹកស្រក់! ខ្ញុំដើរទៅបើកបង្អួចគ្មានឃើញភ្លៀងសោះ តែហេតុអីក៏មានទឹកស្រក់ ខ្ញុំក៏បិទបង្អួចហើយដើរមកគ្រែខ្ញុំវិញស្រាប់តែ……. ង៉ាវ…….(ខ្ញុំភ្ញាក់ព្រើត)
ឆ្មាខ្មៅធំមួយធ្លាក់ពីដំបូលមកលើគ្រែខ្ញុំ ខ្ញុំប្រញាប់រកអ្វីម្យ៉ាងដើម្បីដេញវាចេញ នៅជិតដៃខ្ញុំមានអំបោសមួយ ខ្ញុំលើកអំបោសបម្រុងវាយវា តែរំពេចនោះទៀនក៏រលត់។ ងងឹត ងងឹតណាស់! ខ្ញុំរាវរកដែកកេះ រាវៗខ្ញុំក៏បានប៉ះអ្វីម្យ៉ាងត្រជាក់ៗស្រេបដូចទឹកកក ខ្ញុំភ្ញាក់ក្រញាងរហូតអុកគូទទៅក្រោយ ពេលដែលខ្ញុំដួលដៃរបស់ខ្ញុំក៏សង្កត់លើដែកកេះដែលវាបានជ្រុះពេលដែលខ្ញុំទៅបិទបង្អួច… ខ្ញុំអុជដែកកេះបំភ្លឺឡើង ឆ្មារត់បាត់ស្រមោល នៅលើតុមានធុងទឹកកកមួយដែលខ្ញុំបានដាក់វាកាលពីក្បាលព្រលប់។ ខ្ញុំអស់សំណើចនឹងខ្លួនឯង……. ខ្ញុំឡើងទៅលើគ្រែ ហើយចាប់សៀវភៅមួយមកអាន……. ទៀនក៏រលត់ជាលើកទីពីរ